មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារទទួលបានឈាម ៥៣សាក់ ពីអ្នកចូលរួមបរិច្ចាគនៅស្រុករវៀង
ព្រះវិហារ៖ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅតែត្រូវការឈាមជាបន្តបន្ទាប់ សម្រាប់យកមកជួយសង្គ្រោះអាយុជីវិតមនុស្សដែលជាជនរងគ្រោះពីឧបទ្ទវហេតុផ្សេងៗ ។រួមចំណែកលើការងារមនុស្សធម៌នេះកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅស្រុករវៀង ដោយមានការចូលរួមពីលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីនៃអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ ១០២នាក់។
ក្នុងចំណោមអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទាំង ១០២នាក់ ក្នុងនេះអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគឈាម ៤៩នាក់ ។ដោយឡែកអ្នកបរិច្ចាគឈាមដែលអាចទទួលបានចំនួន ៥៣នាក់ស្មើនឹង៥៣សាក់។
ក្នុងឱកាសនេះអភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានអរគុណចំពោះវត្តមាននៃអ្នកចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត។ លោកបញ្ជាក់ថា ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ “។
មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ មានតម្រូវការឈាម គិតជាមធ្យមមួយថ្ងៃប្រមាណ៣ប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ៕
ដោយ៖ឡុង សំបូរ