អ្នក IT នៅវៀតណាម ប្រាក់ខែមានលើស២,០០០ដុល្លារ
កាសែត VNexpress បានចេញផ្សាយ ថ្មីៗនេះថា អ្នកជំនាញ IT នៅប្រទេសវៀតណាម អាចមានប្រាក់ខែ លើសពី ២,០០០ដុល្លារ ប៉ុន្តែ ទាល់តែចេះជំនាញ AI ឬ បញ្ញាសិប្បនិម្មិត។
ប្រភពថា វិស្វករ AI ស្ថិតក្នុងចំណោមអ្នករកប្រាក់ចំណូល បានច្រើនជាងគេ ក្នុងឧស្សាហកម្ម IT របស់វៀតណាម ជាមួយនឹងប្រាក់ខែ ចន្លោះពី ១,១១០ដុល្លារ ទៅ ២,០៦០ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែម ឬ Bonus ប៉ុន្តែ មិនមានច្រើននាក់ទេ ដែលឡើងដល់កម្រិតប្រាក់ខែ បែបនេះ។
របាយការណ៍ទីផ្សារព័ត៌មានវិទ្យាវៀតណាម ឆ្នាំ២០២៤-២០២៥ បញ្ចេញក្នុងវេទិកាការងារ «IT TopDev» បានបង្ហាញថា សេវាកម្ម Clouding, សុវត្ថិភាពអ៊ីនធឺណិត, ទិន្នន័យ និងមុខតំណែងវិភាគ រួមទាំង AI ព្រមទាំង វិស្វករទិន្នន័យធំៗ សុទ្ធតែទទួលបានខ្ពស់បំផុត ធៀបនឹងឧស្សាហកម្ម ផ្សេងៗទៀត។
TopDev បាននិយាយថា ទីផ្សារការងារកំពុងជួបប្រទះនូវការកើនឡើង នៃតម្រូវការ នៅក្នុងវិស័យទាំងនោះ ទើបបណ្តាលឱ្យនិយោជក ហ៊ានផ្តល់ប្រាក់ខែខ្ពស់ គួរឲ្យកត់សម្គាល់ សម្រាប់អ្នកចេះជំនាញ IT ឬ ព័ត៌មានវិទ្យា។
ការស្ទង់មតិ នាពេលថ្មីៗនេះ បានរកឃើញថា អាជីវកម្មវៀតណាមកាន់តែបើកចំហ ចំពោះ AI ។
កាលពីខែសីហា របាយការណ៍របស់ក្រុមហ៊ុនគណនេយ្យ CPA Australia បាននិយាយថា អាជីវកម្មវៀតណាមចំនួន៨ ក្នុងចំណោម១០ បានប្រើប្រាស់ AI ក្នុងរយៈពេល ១២ខែចុងក្រោយ ហើយទំនងជានឹងកើនឡើងទៀត ក្នុងរយៈពេល ១២ ខែបន្ទាប់។
ក្រុមហ៊ុនអាមេរិក KMS Technology ជំនាញ Software មានទីតាំងនៅវៀតណាម បាននិយាយថា ខ្លួនរើសអ្នកជំនាញ AI ជាញឹកញាប់ បំពេញតម្រូវការអតិថិជន៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត