ជប៉ុន៖ មុនទិញឡានជិះ ត្រូវមានកន្លែងចតជាមុនសិន

បរទេស
៖ សម្រាប់ប្រទេសជប៉ុន ប្រសិនបើប្រជាជនចង់ទិញរថយន្តប្រើប្រាស់ គឺ ត្រូវតែបញ្ជាក់ជាមុនថា មានកន្លែងចតរថយន្តត្រឹមត្រូវ ហើយ កន្លែងចតរថយន្តនេះ ត្រូវតែស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រពីផ្ទះ។ អូស្ត្រាលីកំពុងពិចារណាបង្កើតច្បាប់នេះ ដូចជប៉ុនផងដែរ ខណៈដែលមនុស្សនៅក្នុងក្រុងកាន់តែកើនឡើង។

ទីភ្នាក់ងារព័ត៌មាន Explorify ចេញផ្សាយ កាលពីសប្តាហ៍មុនថា បទប្បញ្ញត្តិនេះត្រូវបានគេស្គាល់ថា ជាច្បាប់ «ភស្តុតាងនៃការចតរថយន្ត» ឬ «Proof of Parking» ដែលត្រូវបានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្វះខាតកន្លែងចតរថយន្ត នៅក្នុងតំបន់ទីក្រុង ដែលមានប្រជាជនច្រើន។

ច្បាប់នេះលើកទឹកចិត្តដល់ការប្រើប្រាស់ទីលំហ ឱ្យកាន់តែមានប្រសិទ្ធភាព និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយធានាថា មនុស្សមិនស្ទះផ្លូវ ដោយសារការចតរថយន្ត នៅក្នុងតំបន់ ដែលគ្មានការអនុញ្ញាត។

បើតាមគេហទំព័រ Drive ចេញផ្សាយបញ្ជាក់បន្ថែមថា ច្បាប់ Proof of Parking នេះ ត្រូវបានអនុវត្ត តាំងពីឆ្នាំ១៩៦២ ដែលតម្រូវឱ្យម្ចាស់រថយន្តទទួលបានអ្វីដែលហៅថា Shako Shomeisho ឬ «វិញ្ញាបនបត្រកន្លែងចតរថយន្ត»។

អ្នកស្រុកអាចបង់ថ្លៃតិចតួច ដាក់ពាក្យសុំ វិញ្ញាបនបត្រ Shako Shomeisho នៅស្ថានីយ៍ប៉ូលីស ក្នុងតំបន់របស់ពួកគេ។ បន្ទាប់ពីនោះ មន្ត្រីប៉ូលីស ឬអ្នកត្រួតពិនិត្យកន្លែងចតរថយន្ត នឹងត្រូវបានបញ្ជូនទៅលើ ដើម្បីវាយតម្លៃពីទីកន្លែង មុននឹងយល់ព្រមលើពាក្យស្នើសុំ។ បន្ទាប់មក ទើប ប្រជាជនអាចបន្តទិញរថយន្តនិងចុះបញ្ជីបាន។

កសែត Drive បានចុះផ្សាយថា អូស្ត្រាលីកំពុងពិចារណាបង្កើតច្បាប់នេះ ដូចជប៉ុន ផងដែរ ខណៈដែលចំនួនប្រជាជនអូស្ត្រាលី មានអត្រាកំណើនប្រចាំឆ្នាំ ២.៣ភាគរយ បច្ចុប្បន្ននេះ។ មនុស្សកាន់តែច្រើន ផ្លាស់ទីទៅកណ្តាលទីក្រុង ខណៈដែលចំនួនរថយន្តដែលបានចុះបញ្ជី នៅលើផ្លូវ បន្តកើនឡើង៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner