ក្រសួងដែនដី និងរដ្ឋបាលខេត្តស្វាយរៀងបើកកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

ស្វាយរៀង៖ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី និង​នគរូបនីយកម្មនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​​( គ.ដ.ន.ជ)​​កាលពីព្រឹក​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាង​ផែនការរៀបចំដែនដីខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត​ស្វាយរៀង និងលោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សា​បច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រី តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត និងលោក លោកស្រី អភិបាល អភិបាល​រង ស្រុក ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា​ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយ ដែល​ផ្តល់នូវ​ចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែងសម្រាប់រយៈពេល​២០​ឆ្នាំខាងមុខ ក៏ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់​ការ​អភិវឌ្ឍ​ដែន​ដីខេត្ត ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
ឯកឧត្តមបន្តថា ដើមឡើយខេត្តស្វាយរៀងជាខេត្តដែលផ្ដោតជាសំខាន់​លើការងារកសិកម្មជាធំ ប៉ុន្តែចាប់ពីឆ្នាំ២០០៥ ពេលដែល​រាជរដ្ឋា​ភិ​បាលរៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសរចនាសម្ព័ន្ធនេះបានផ្លាស់ប្ដូរ និងមានការប្រែប្រួលជាគំហុក។ ផ្ទៃដីបង្ក​បង្កើនផលមួយចំនួន​បានផ្លាស់ប្ដូរមុខងារពីដីធ្វើការងារដាំដុះ ទៅជាសំណង់ និងបម្រើឱ្យ​វិស័យឧស្សាហកម្ម។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ច​ពិសេស​កំពុងដំណើរការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែង​ថែមទៀត ។មានរោងចក្រ សហគ្រាសទាំងក្នុង និងក្រៅតំបន់​សេដ្ឋកិច្ចពិសេសចំនួន ៣០៧កន្លែង។ខេត្តក៏មានសក្ដានុពល ខ្លាំង​បន្ទាប់ពីគម្រោងថ្មីៗ របស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវដែក ជាដើម។

នៅក្នុងឱកាសនោះ លោក Richard Mabbitt ប្រធានក្រុម​ទីប្រឹក្សា​បច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ីបាន​ធ្វើបទបង្ហាញ​សេចក្ដី​ព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្រុមការងារបានរៀប​ចំកន្លងមក ព្រមទាំងមានការសម្របសម្រួល ពីលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មផង​ធ្វើឱ្យ​កម្មវិធីប្រព្រឹត្តទៅដោយរលូននិងទទួលបាន​អនុសាសន៍ល្អៗពី​ថ្នាក់ដឹកនាំ៕
ដោយ៖នុត នាង

ads banner