យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ២៤រូបត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍
កំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាលសម្រាប់យោធិនចូលសោធននិវត្តន៍ចំនួន ២៤រូប ។ពិធីនេះមានគោលបំណងបង្ហាញនូវការគោរព ស្រឡាញ់ចំពោះយោធិនដែលបានបំពេញតួនាទីក្នុងអង្គភាពកងទ័ពក្នុងអំឡុងសម័យសង្គ្រាមកន្លងមក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានអញ្ជើញចូលរួមជាអធិបតីកាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤បានថ្លែងអំណរគុណ និងគោរពចំពោះយោធិនទាំង២៤រូបដែលបានបញ្ចប់បេសកកម្ម និងត្រូវបានក្រសួងការពារជាតិដាក់ឱ្យចូលសោធននិវត្តន៍ប្រចាំឆ្នាំ ២០២៤ ។លោកក៏បានផ្ដាំផ្ញើដល់មន្រ្តីចូលនិវត្តន៍ទាំង២៤រូបបន្តថែរក្សាសុខភាព និងចូលរួមជាសមាជិកសមាគមអតីតយុទ្ធជន ដើម្បីទទួលបានការគាំទ្របន្ថែមពីសមាគមនៅអនាគត។
ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជូនអំណោយនិងថវិកាមួយចំនួន ដែលបានផ្ដល់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន៕
ដោយ៖ ប៊ុន រដ្ឋា