មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ បានត្រៀមលក្ខណៈរៀបរយ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា គណៈកម្មការរៀបចំការប្រកួតកីឡាជាតិលើក ទី៤ និងកីឡាជាតិជនពិការលើកទី២ គឺបានត្រៀមលក្ខណៈរៀបរយអស់ហើយ ទាំងការចុះឈ្មោះរបស់ប្រតិភូ និងកីឡាករ កីឡាការិនី ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា មុនព្រឹត្តិការណ៍ប្រកួតចូលមកដល់ គឺក្រសួងបានផ្តល់ព័ត៌មានទូទៅដល់ និងការចាប់ឆ្នោតចែកពូល សម្រាប់ប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ។
យើងបានផ្តល់ព័ត៌មានទូទៅ សម្រាប់ការប្រកួតកីឡាជាតិ លើកទី២ និងកីឡាជាតិជនពិការ ដែលនឹងប្រព្រឹតទៅជាផ្លូវការពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីខេត្តចំនួន៥។ ប្រតិភូកីឡានឹងមកដល់នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ហើយពិធីបើកការប្រកួតជាផ្លូវការនឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។
ចំពោះពិធីបើកនឹងត្រូវប្រារព្ធធ្វើឡើងតាមទម្រង់ហ្គេម ដោយមានពិធីសម្តែងសិល្បៈ ចម្រៀង ក្បាច់គុន និងការសម្តែងរបស់តារាចម្រៀងរ៉េបកំពុងពេញនិយម គឺលោក វណ្ណដា។ ពហុកីឡដ្ឋានជាតិអូឡាំពិកនឹងអាចឱ្យប្រតិភូកីឡា និងមហាជនចូលរួមអង្គុយទស្សនាដោយផ្ទាល់បានចំនួន ៣ម៉ឺននាក់ ដោយគិតមកដល់ពេលនេះ ការចុះឈ្មោះចូលរួមជិតគ្រប់ចំនួនកំណត់ ៣ម៉ឺននាក់ហើយ ។
លោក ហួត សេងទ្រី បានបង្ហាញវឌ្ឍនភាពការងារត្រៀមថា ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ត្រូវបានកំណត់ប្រធានបទផ្លូវការ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» បានកំណត់កាលបរិច្ឆេទផ្លូវការ ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ។ ក្រសួងអប់រំបានកំណត់ចំនួនប្រភេទកីឡា ៣៦ប្រភេទកីឡា ដោយមានវិញ្ញាសាសរុបចំនួន ៣២៨ ខណៈប្រភេទកីឡាជាតិជនពិការលើកទី២ មានចំនួន ១៣ មានវិញ្ញាសាចំនួន ៥៥ សរុបរួមទាំងអស់ស្មើនឹង ៣៨៣ វិញ្ញាសា ។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួម ២៥ រាជធានី ខេត្ត និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានចុះឈ្មោះចុងក្រោយប្រតិភូ អ្នកដឹកនាំក្រុមតាមប្រភេទកីឡា ៥២០នាក់ គ្រូបង្វឹក គ្រូជំនួយ ៧៣៤ នាក់ កីឡាករ ២ ៦៨៧ នាក់ កីឡាការិនី ១ ៣៩៨ នាក់ សរុបទាំងអស់ ៥ ៣៣៩ នាក់ ៕





អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត