រុស្ស៊ីបំផ្លាញថាមពលផ្គត់ផ្គង់កំដៅអ៊ុយក្រែន ៩០ភាគរយ

គៀវ៖ មេដឹកនាំអ៊ុយក្រែននិយាយថា សមត្ថភាពផលិតថាមពលផ្គត់ផ្គង់កំដៅរបស់អ៊ុយក្រែនស្ទើរតែទាំងស្រុង ត្រូវបានបំផ្លាញដោយសារការវាយប្រហាររបស់រុស្ស៊ី។

នាយករដ្ឋមន្រ្ដីអ៊ុយក្រែន លោក ដេនីស ស្មីហាល់ និយាយថា ថាមពលផ្គត់ផ្គង់កំដៅរបស់អ៊ុយក្រែនដល់ទៅ ៩០ភាគរយ ត្រូវបានបំផ្លាញដោយការវាយប្រហារពីឆ្ងាយរបស់រុស្ស៊ី និងថា ឥឡូវនេះ អ៊ុយក្រែនត្រូវពឹងផ្អែកលើឧបករណ៍ជំនួស។

លោក ស្មីហាល់ បានបង្ហោះសារនៅលើបណ្តាញសង្គម Telegram ថា អ៊ុយក្រែនកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបង្កើននិរន្តរភាពថាមពលផ្គត់ផ្គង់កំដៅ ជាពិសេសនៅក្នុងតំបន់សមរភូមិជួរមុខ និងតំបន់ជាប់ព្រំដែនរុស្ស៊ី។

លោក ស្មីហាល់ បន្ថែមថា អាទិភាពចម្បងរបស់អ៊ុយក្រែន គឺផ្តល់ប្រភពកំដៅ និងអគ្គិសនីជំនួសដល់តំបន់ទាំងនេះ ហើយថា Kharkov ដែលជាទីក្រុងធំទីពីររបស់ប្រទេស បានទទួលគ្រឿងបរិក្ខារថាមពលរាប់សិបគ្រឿង រួមទាំងម៉ាស៊ីនភ្លើងដែលមានថាមពលខ្លាំង។

អ៊ុយក្រែនបានជួបប្រទះកង្វះថាមពលខ្លាំងក្នុងរដូវក្ដៅនេះ បើទោះបីជាមានការនាំចូលអគ្គិសនីពីរដ្ឋជិតខាងក៏ដោយ។ រដ្ឋាភិបាលអ៊ុយក្រែនបានជំរុញម្តងហើយម្តងទៀត ឱ្យប្រជាជនសន្សំសំចៃអគ្គិសនី ខណៈដែលក្រុមហ៊ុនថាមពលរដ្ឋ Ukrenergo បានដាក់កំហិតការផ្គត់ផ្គង់ថាមពលលើអ្នកប្រើប្រាស់ផ្នែកឧស្សាហកម្ម។

កាលពីខែកញ្ញា បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិព្រមានថា ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន អាចនាំមកនូវផលវិបាកដ៏មហន្តរាយដល់ប្រទេសអ៊ុយក្រែន ខណៈដែលរដូវរងាកំពុងលេចចេញជារូបរាង៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner