វដ្តទឹកជុំវិញពិភពលោកបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ

បរទេស៖ មនុស្សបានបោះបង់ចោលវដ្តទឹកពិភពលោកចេញពីតុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជំរុញឱ្យមានគ្រោះមហន្តរាយទឹកកើនឡើង បំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច ផលិតកម្មស្បៀង និងអាយុជីវិតមនុស្សសត្វ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។

យោងតាមរបាយការណ៍ចេញផ្សាយដោយគណៈកម្មការសកល ដែលប្រមូលផ្តុំដោយក្រុមមេដឹកនាំអន្តរជាតិ និងអ្នកជំនាញ ស្តីអំពីសេដ្ឋកិច្ចទឹក បានឱ្យដឹងថា ការបំផ្លិចបំផ្លាញដី និងការគ្រប់គ្រងទឹកមិនបានល្អជាច្រើនទសវត្សរ៍ គួបផ្សំនឹងការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស បានដាក់សម្ពាធមិនធ្លាប់មានពីមុនមក ទៅលើវដ្តទឹកពិភពលោក។

វដ្តទឹក សំដៅលើប្រព័ន្ធស្មុគស្មាញ ដែលទឹកផ្លាស់ទីជុំវិញផែនដី ហើយការរំខានដល់វដ្តទឹកកំពុងធ្វើឱ្យមានទុក្ខលំបាករួចទៅហើយ។ ជាក់ស្តែង មនុស្សជិត ៣ពាន់លាននាក់ប្រឈមមុខនឹងកង្វះទឹក, ដំណាំរងការខូចខាត, ទឹកជំនន់ជន់លិចទីក្រុង និងទឹកក្រោមដីរីងអស់។ ជាមធ្យម មនុស្សត្រូវការទឹកយ៉ាងហោចណាស់ប្រហែល ៤,០០០លីត្រក្នុងមួយថ្ងៃនៅទូទាំងពិភពលោក។

បើតាមរបាយការណ៍ដដែល វិបត្តិទឹកបានគំរាមកំហែងច្រើនជាង៥០% នៃផលិតកម្មស្បៀងពិភពលោក និង ៨% នៃផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសនានានៅត្រឹមឆ្នាំ ២០៥០ ជាមួយនឹងការខាតបង់ច្រើនជាងមុនរហូតដល់ ១៥% ដែលត្រូវបានព្យាករណ៍នៅក្នុងប្រទេសមានប្រាក់ចំណូលទាប។

លោក Richard Allan សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យ Reading ប្រទេសអង់គ្លេស និយាយថា របាយការណ៍នេះ បានគូររូបភាពដ៏អាក្រក់នៃការរំខានវដ្តទឹកពិភពលោក ដែលជាធនធានធម្មជាតិដ៏មានតម្លៃបំផុត ទ្រទ្រង់ជីវភាពរស់នៅរបស់យើង ដែលបង្កឡើងដោយមនុស្ស។

លោកសាស្ត្រាចារ្យបានប្រាប់សារព័ត៌មាន CNN ថា វិបត្តិនេះអាចដោះស្រាយបានតែតាមរយៈការគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរ និងកាត់បន្ថយការបង្កើនកំដៅភពផែនដី។ អ្នកនិពន្ធរបាយការណ៍នេះ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទូទាំងពិភពលោក ត្រូវតែទទួលស្គាល់វដ្ដទឹកថា ជាផលប្រយោជន៍រួម ហើយដោះស្រាយវាជាសមូហភាព៕

ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner