មេធំ SpaceX ចាយ ៧៥លានដុល្លារជួយលោក ត្រាំ ឱ្យឈ្នះឆ្នោត
វ៉ាស៊ីនតោន៖ ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានបរិច្ចាគប្រាក់ចំនួន ៧៥លានដុល្លារដល់ក្រុមគាំទ្រលោក Donald Trump ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មេធំ SpaceX និង Tesla លោក Elon Musk ដែលមានទ្រព្យសម្បត្តិសរុប ២៤៦.៥ពាន់លានដុល្លារ និយាយថា លោកបានគាំទ្រផ្នែកហិរញ្ញវត្ថុទាំងបេក្ខជនសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងយុទ្ធនាការមុនៗ ដោយមិនបង្ហាញពីចំណូលចិត្តច្បាស់លាស់ណាមួយសម្រាប់គណបក្សណាមួយឡើយ។
ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតដែលបរាជ័យលើលោក Trump កាលពីថ្ងៃទី១៣ ខែកក្កដា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានគាំទ្រពេញទំហឹងជាសាធារណៈ ចំពោះលោក Trump ចាប់តាំងពីពេលនោះមក។
ជាក់ស្តែង សារព័ត៌មាន Reuter និង Bloomberg ផ្អែកតាមប្រភពរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ បានចេញផ្សាយថា លោក Musk បានបរិច្ចាគប្រាក់ជិត ៧៥លានដុល្លារដល់កម្មវិធី PAC ដែលគាំទ្រលោក Trump នៅចន្លោះខែកក្កដា ដល់ខែកញ្ញា។
បើតាមសារព័ត៌មាន Reuter មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ គឺជាអ្នកផ្តល់ជំនួយកំពូលដល់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងខែវិច្ចិកាខាងមុខ។
អាទិភាពចម្បងរបស់កម្មវិធី PAC គឺផ្តោតសំខាន់លើការជ្រើសរើសបេក្ខភាព និងការផ្សាយពាណិជ្ជកម្មឌីជីថល ដើម្បីឱ្យអ្នកគាំទ្របោះឆ្នោតដល់លោក Trump។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Trump ក៏បានប្រកាសដែរថា ប្រសិនបើជាប់ឆ្នោត លោកនឹងបង្កើតមុខតំណែងថ្មី គឺលេខាធិការកាត់បន្ថយការចំណាយ ដែលបង្កើតឡើងជាពិសេសសម្រាប់លោក Musk ។
លោក Trump បន្ថែមថា សហគ្រិនដែលលោកបានពណ៌នាថា ជា “អ្នកជំនួញដ៏អស្ចារ្យ” ក៏បានបង្ហាញពីឆន្ទៈក្នុងការទទួលយកតួនាទីនេះរួចហើយដែរ៕





ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា