សាកលវិទ្យាល័យល្បីៗមកពីទ្វីបអឺរ៉ុប នឹងរៀបចំកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប រយៈពេលពីរថ្ងៃនៅកម្ពុជា

ភ្នំពេញ ៖ សិស្សនិស្សិតកម្ពុជាដែលកំពុងតែស្វែងរកការអប់រំលំដាប់ពិភពលោកនឹងមកជួបជុំគ្នានៅទីតាំង Factory ភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាល គឺកម្មវិធី ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៤ និង ២៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងផ្តល់នូវឱកាសដ៏ពិសេស ដើម្បីឱ្យសិស្សនិស្សិតកម្ពុជាបានស្វែងរកកម្មវិធីសិក្សាដែលខ្លួនចាប់អារម្មណ៍ ពិភាក្សាពីកម្មវិធីអាហារូបករណ៍ និងមានលទ្ធភាពផ្លាស់ប្តូរព័ត៌មានជាមួយសាកលវិទ្យាល័យកំពូលៗនៅអឺរ៉ុបជាង ៣០សាកលវិទ្យាល័យ។ គ្រប់គ្នាអាចចូលរួមក្នុងពិព័រណ៍នេះដោយសេរី ហើយចំនួនអ្នកចូលរួមជាសិស្ស និស្សិតអាចនឹងមានចំនួនដល់ទៅជាង ១,៦០០នាក់ ដែលពួកគេសុទ្ធសឹងតែចង់ស្វែងយល់បន្ថែមអំពីការសិក្សានៅអឺរ៉ុប។

ព្រឹត្តិការណ៍នេះនឹងត្រូវបើកសម្ពោធជាផ្លូវការដោយតំណាងជាន់ខ្ពស់មកពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ (Igor Driesmans) ផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីជួយជ្រោមជ្រែងសិស្ស និស្សិតកម្ពុជាឱ្យបោះជំហានឆ្ពោះទៅរកការអប់រំលំដាប់ពិភពលោកនៅក្នុងទ្វីបអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីដ៏អធឹកអធមនេះ ក៏នឹងមានតំណាងមកពីសាកលវិទ្យាល័យនានានៅទូទាំងទ្វីបអឺរ៉ុប រួមមានអ្នកតំណាងមកពីប្រទេសបារាំង អាល្លឺម៉ង់ បែលហ្សិក អ៊ីតាលី និងប្រទេសជាសមាជិកជាច្រើនទៀត ដែលពួកគេនឹងមកផ្តល់នូវការប្រឹក្សាដោយផ្ទាល់ជាមួយសិស្ស និស្សិត ដែលបានចូលរួម ឱ្យយល់កាន់តែច្បាស់អំពីជម្រើសនៃការសិក្សានានា ចាប់ពីកម្មវិធីថ្នាក់បរិញ្ញាបត្រ ថ្នាក់ក្រោយឧត្តមសិក្សា និងជាពិសេសព័ត៌មានស្តីពីអាហារូបករណ៍ដូចជា កម្មវិធី Erasmus+ ជាដើម។

សិស្ស និស្សិតដែលចូលរួម ក៏នឹងមានឱកាសជួបជាមួយអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅទ្វីបអឺរ៉ុប និងបានស្តាប់ដោយផ្ទាល់អំពីបទពិសោធន៍របស់ពួកគេ ព្រមទាំងស្វែងយល់ ថាតើការសិក្សានៅបរទេសពិតជាបានផ្លាស់ប្តូរជីវិតរបស់ពួកគេយ៉ាងណាផងដែរ។
ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមានប្រសាសន៍ថា៖ «អឺរ៉ុបផ្តល់ឱកាសជាសាកលសម្រាប់និស្សិតកម្ពុជា។ ចាប់ពីសាកលវិទ្យាល័យលំដាប់កំពូលៗ រហូតដល់ការផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃដែលអាចផ្លាស់ប្តូរជីវិតរបស់និស្សិតដែលបានសិក្សានៅទីនោះ ហើយការសិក្សានៅអឺរ៉ុបមានន័យថាពួកគេទទួលបានជំនាញដ៏មានតម្លៃ និងបានស្គាល់នូវវប្បធម៌ថ្មីៗទៀតផង។ យើងសូមលើកទឹកចិត្តសិស្ស និស្សិតគ្រប់រូបដែលមានក្តីសុបិន្ត ឱ្យចូលរួមជាមួយយើងនៅក្នុងកម្មវិធីពិព័រណ៍ ហើយនិងបោះជំហានទីមួយដ៏សំខាន់នេះ ដើម្បីឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង»។

ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ក៏បានបញ្ជូលនូវកម្មវិធីកម្សាន្តផងដែរ! សិស្ស និស្សិតអាចរីករាយជាមួយហ្គេមសប្បាយៗ ព្រមទាំងអាចចូលរួមកម្មវិធីកីឡា ដែលរៀបចំដោយ ក្រុមហ៊ុន Decathlon និងជាពិសេសទៅទៀតនោះអាចភ្លក់រសជាតិអាហារអឺរ៉ុបដ៏ឆ្ងាញ់ពិសា ដែលនាំមកជូនដោយក្រុមហ៊ុនដ៏ល្បីល្បាញ គឺក្រុមហ៊ុន Thalias Group។ មិនថាអ្នកជាអ្នកនិយមភ្លក់អាហារឆ្ងាញ់ៗ ឬអ្នកចូលចិត្តកីឡានោះទេ អ្នកនឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ព្រមទាំងមានឱកាសទទួលបាននូវចំណេះដឹងថ្មីៗស្តីអំពីការទៅសិក្សានៅអឺរ៉ុបទៀតផង។ សិស្ស និស្សិតអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ បានតាមអាសយដ្ឋាននេះ http://www.studyineuropeKh.com ។ ប្រញាប់រួសរាន់ឡើង ព្រោះសំបុត្រមានកំណត់ ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងមុន។ ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដែលមិនគួរខកខានឡើយ ជាពិសេសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់ស្វែងរក និងចូលរួមជាមួយការអប់រំលំដាប់អន្តរជាតិ ហើយជាពិសេសសម្រាប់អ្នកដែលចង់ជួបជាមួយអ្នកជំនាញមកពីទូទាំងពិភពលោក៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner