យុទ្ធគុនចម្រុះខ្មែរបុរាណពានសម្តេចបវរធិបតីនឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍
ភ្នំពេញ៖ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតីនាពេលនេះនឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យមានការរីកចម្រើន ស្របតាមស្តង់ដាកីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិកឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និងអាចបញ្ចូលទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត។

នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្រ្តនេះឡើង គឺក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងគោលដៅលើកកម្ពស់អភិរក្ស និងអភិវឌ្ឍ មរតកយុទ្ធគុនដូនតាខ្មែរ។ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”នេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាមរបស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រខ្មែរដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយដែលកំពុងកប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថលរបស់ជាតិសម្រាប់បន្សល់ទុកឱ្យកូនខ្មែរគ្រប់ជំនាន់ប្រើប្រាស់ ជាមូលដ្ឋាន»។

«យើងពិតជាមានមោទនភាពចំពោះព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរ ដែលបានខិតខំបង្កើតវប្បធម៌ អរិយធម៌ និងរតនសម្បត្តិមហាសាលទាំងរូបី ទាំងអរូបីឱ្យយើងទាំងអស់គ្នាគ្រប់ជំនាន់។ ដោយឡែកសម្រាប់ យុទ្ធគុន ខ្មែរបុរាណ យើងមានភស្តុតាង និងសក្ខីកម្មជាច្រើន ដូចជា ការរៀបរាប់ពីថ្វីដៃយុទ្ធគុនរបស់អតីតព្រះមហាក្សត្រ តាមសិលាចារឹក សាស្រ្តាស្លឹករឹត តាមជញ្ជាំងប្រាសាទជាច្រើន និងតាមសហគមន៍នានាទូទាំងប្រទេស និងនៅអតីតចក្រភពខ្មែរបុរាណ ដើម្បីទុកឱ្យកូនខ្មែរសម័យទំនើប ជីកកកាយ សិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកជាសម្បត្តិវប្បធម៌យុទ្ធគុនជាតិដ៏មានតម្លៃបំផុត»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែម។

ក្នុងនាមសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីស្នើឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលរាជរដ្ឋាភិបាលបានបង្កើតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្តអនុវត្តការងារសិក្សាស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចុះទៅសិក្សាស្រាវជ្រាវផ្ទាល់ជាមួយព្រឹទ្ធាចារ្យយុទ្ធគុនខ្មែរនៅតាមសហគមន៍មូលដ្ឋាន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។

បន្ថែមពីលើនេះ ប្រធានគណៈកម្មការចំពោះកិច្ចក៏បានផ្តាំផ្ញើដល់កីឡាករ-កីឡាការិនី និងមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំងអស់ត្រូវគោរពឱ្យពេញលេញនូវលក្ខណៈបច្ចេកទេស និងបទបញ្ជាការប្រកួតនៃយុទ្ធគុនចម្រុះខ្មែរបុរាណ ស្របតាមគោលការណ៍ Fair-Play “ឈ្នះដោយយុត្តិធម៌-ចាញ់ដោយកិត្តិយស” ដោយឈរលើគុណតម្លៃអូឡាំពិក គឺឧត្តមភាព ការគោរព និងមិត្តភាព ក្នុងស្មារតីជំរុញបំផុសចលនាកីឡាជាតិ និងសាមគ្គីភាពក្នុងមហាគ្រួសារយុទ្ធគុនខ្មែរបុរាណផងដែរ៕
ដោយ៖ ជាវ ចន្ធូ


