ប្រធានតុលាការធម្មនុញ្ញថៃកោតសរសើរការអភិវឌ្ឍនិងការរីកចម្រើននៅកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។ សម្ដេចធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner