ទូតគុយបាប្រចាំកម្ពុជាបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​ ពីការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ភ្នំពេញ៖លោកជំទាវ Milena Caridad Zaldivar Piedra ឯក​អគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជាបាន
បានបញ្ជាក់ពីការប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាមួយកម្ពុជា។

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបលោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោម​ការដឹកនាំ​របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។លោកជំទាវ​បានគូសបញ្ជាក់​អំពីទំនាក់ទំនងដ៏យូរអង្វែង និង​កិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា  ដែលរួមមាន វិស័យអប់រំ, សុខាភិបាល, កសិកម្ម​និងកីឡា។ លោកជំទាវបាន​ប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងសវនាការដដែលសម្ដេចធិបតី បានថ្លែងអំណរគុណសាធារណ​រដ្ឋ​គុយបាដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា នាពេលកន្លងមក រួមទាំង​ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​វាង​ប្រទេសទាំងពីរ និងបាន​គូស​បញ្ជាក់ថា ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការ​ជាមួយ​លោកជំទាវឯកអគ្គរដ្ឋទូត ។

សម្ដេចធិបតីក៏បានលើកទឹកចិត្តលោកជំទាវឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ត​ជំរុញ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។សម្តេចធិបតីនិងលោកជំទាវឯកអគ្គរដ្ឋទូត បានផ្លាស់​ប្តូរ​យោបល់​លើប្រធានបទអន្តរជាតិមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហ​ប្រជាជាតិ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner