ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមជ្ឈិមបក្សកុម្មុយនីស្តចិននៅលើទីកដីសៀមរាប
សៀមរាប៖កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិម និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងអក្សរសាស្ត្រនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសមាជិកគណៈ ប្រតិភូ បានអញ្ជើញមកធ្វើទស្សនកិច្ច និងធ្វើបទឧទ្ទេសនាមស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣អាណត្តិ ទី២០ របស់គណបក្សកុម្មុយនីស្តចិន នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប ។
ឯកឧត្តម អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដែលទទួលស្វាគមន៍គណៈប្រតិភូ និងអញ្ជើញចូលរួមស្តាប់បទឧទ្ទេសនាម បានគូសរំលេចថានេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន ក្នុងការចែករំលែកនូវព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អៗ ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងស្របពេលដែលប្រទេស ទាំងពីរកំពុងប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤» ។ឯកឧត្តមបន្តថា រយៈពេល៦៦ឆ្នាំនៃចំណង មិត្តភាពរវាងកម្ពុជា និងចិន គឺជាទំនាក់ទំនងយ៉ាងស្អិតរមួត។
មន្ត្រីគណបក្សប្រជាជនកម្ពុជានៃខេត្តចំនួន៤ រួមមាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំបានចូលរួមស្តាប់បទឧទ្ទេសនាមនេះ ដោយមានការសម្របសម្រួលពីឯកឧត្តម ឆែ សុខទី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា និងជាអនុប្រធានគណៈទាក់ទងការបរទេស។
សូមជម្រាបថា ក្រៅពីបទឧទ្ទេសនាម នៅថ្ងៃដដែលនោះ ឯកឧត្តម ឈី ឈីងសាន និងសមាជិកគណៈប្រតិភូនឹងអញ្ជើញ ទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទធម្មនន្ទ ប្រាសាទតាព្រហ្ម និង ចៅសាយទេវតា ប្រាសាទតាកែវ ដែលជួសជុលដោយក្រុមបុរាណវិទ្យាចិន ទស្សនាទិដ្ឋភាពក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ។ គណៈប្រតិភូបានធ្វើដំណើរមាតុភូមិនិវត្តន៍តាមជើងយន្តហោះចាកចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ៕
ដោយ៖ប៊ុនរដ្ឋា