រដ្ឋបាលខេត្តកំពង់ចាមនិងរដ្ឋមន្ត្រីធនធានទឹកកំពុងរកមធ្យោបាយសង្រ្គោះការបាក់ស្រុតច្រាំងទន្លេនៅស្រុកស្រីសន្ធរ
កំពង់ចាម៖ដោយមិនបង្អង់យូរ បន្ទាប់ពីបានទទួលព័ត៌មានតាមបណ្ដាញសង្គម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបាន
អញ្ជើញពិនិត្យស្ថានភាពការបាក់ស្រុត ច្រាំងចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាត់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ។
កាលពីរសៀលថ្ងៃសៅរ៍ទី១៩ ខែតុលា ឆ្នាំ២០២៤ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានពិនិត្យច្រាំងទន្លេដែលបាក់ស្រុតមានបណ្ដោយប្រវែង ៨០ម៉ែត្រនិងទទឹង ប្រវែងពី១៥ ទៅ២០ម៉ែត្រនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ក្នុងដំណើរពិនិត្យផ្ទាល់របស់មន្រ្តីជាន់ខ្ពស់នេះដែរ ក៏មានការនិមន្ត និងចូលរួមព្រះចៅអធិការវត្ត គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋដែលមានការព្រួយបារម្ភពីការបាក់ច្រាំងទន្លេនេះផងដែរ។
បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេដែលបានបាក់ស្រុតនាពេលកន្លងស្ថិតនៅ ព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ ៧០បេ ប្រវែងពី២ ម៉ែត្រទៅ៣ម៉ែត្រ ប៉ុណ្ណោះ។
ជាមធ្យោបាយក្នុងការសង្រ្គោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់មន្ត្រីបច្ចេកទេសក្រសួងសហការជាមួយអាជ្ញាធរ ខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញ៕
ដោយ៖លី ពៅ





