ប្រជាការពារឃុំរុងរឿង បានទទួលឯកសណ្ឋានចំនួន៨១កំប្លេរ
កំពង់ធំ៖ប្រជាការពារនៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤បានទទួលឯកសណ្ឋានចំនួន៨១កំប្លេរពីឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងធនធានទឹកនិងឧតុនិយម តំណាងឯកឧត្តម ជួន ប៊ិតថុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង ។
ក្នុងឱកាសនេះឯកឧត្តម ម៉េង ប៉ូគន្ធ បានលើកសរសើរថាប្រជាការពារ គឺជាអ្នកដែលនៅជិតស្និទ្ធផ្ទាល់ជាមួយមូលដ្ឋាន ហើយអាចជួយដោះស្រាយរាល់ស្ថានភាពជាក់ស្ដែងបានទាន់ពេលវេលា ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង ។ហេតុនេះសូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខទុក្ខសុខុមាលភាពពួកគាត់ព្រមទាំងមានការលើកទឹកចិត្តខ្ពស់ផងដែរ។
ក្នុងនាមជាម្ចាស់មូលដ្ឋាន លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនិងសុខទុក្ខប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា។
ក្នុងឱកាសនេះឯកឧត្តម ម៉េង ប៉ូគន្ធ បានប្រគេនបច្ច័យ២៥០ដុល្លារចូលបុណ្យកឋិនវត្តក្តីត្នោតផងដែរ៕
ដោយ៖ប៊ុនរដ្ឋា