ការប្រកួតកីឡាជាតិលើកទី៤ ប្រភេទកីឡាវាយសីកើនឡើងចំនួនរាជធានីខេត្តចូលរួមច្រើនឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តំណាង ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជនពិការជាតិលើកទី២ក្នុងឆ្នាំ២០២៤នេះ កីឡាវាយសី និងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានរាជធានីខេត្តចូលរួមចំនួន១៦ កើនឡើងលើសកីឡាជាតិលើកទី៣ឆ្នាំ២០២២ ចំនួន៣ខេត្ត និងមានកីឡាករកីឡាការិនីប្រតិភូគ្រូបង្វឹកចូលរួមជាង ១០០នាក់ ។
ឯកឧត្តម អគ្គលេខាធិការ បានគូសឱ្យដឹងទៀតថា ការប្រកួតកីឡាជាតិ ឆ្នាំ២០២៤នេះ ការអនុវត្តគឺយកគំរូតាមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីពង្រឹងគុណភាពសមត្ថភាពកីឡាករកីឡាការិនី និងមន្រ្តីបច្ចេកទេសចៅក្រមអាជ្ញាកណ្តាលក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។
ឯកឧត្តម អះអាងថា ការប្រកួតកីឡាជាតិដែលប្រកួតរៀងរាល់២ឆ្នាំម្តងនេះ គោលដៅរបស់ក្រសួងអប់រំយុវជននិងកីឡា គឺចង់វាស់ស្ទង់កម្រិតសមត្ថភាពកីឡាករកីឡាការិនី ពិសេស បំផុសឱ្យរាជធានីខេត្ត កាន់តែយកចិត្តទុកដាក់លើការជំរុញបណ្តុះធនធានកីឡាវាយសីបន្តវេន ឱ្យមានកាន់តែច្រើននៅតាមខេត្ត ដើម្បីចម្រាញ់បានធនធានកីឡាករកីឡាការិនីវាយសីឆ្នើមៗចេញពីបណ្តាខេត្តជាប់ជាជម្រើសជាតិហ្វឹកហាត់ត្រៀមប្រកួតតំណាងប្រទេសនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ម្យ៉ាងវិញទៀត ការប្រកួតកីឡាជាតិនេះ ក៏ជាការបំផុសផ្សព្វផ្សាយឱ្យរាជធានីខេត្តបានចូលរួមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ ដើម្បីទទួលបាននូវសុខមាលភាពជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងធ្វើឱ្យកម្ពុជាកាន់តែសម្បូធនធានកីឡាករកីឡាការិនីឆ្នើមៗ។
ឯកឧត្តម បានពន្យល់ទៀតថា ការប្រកួតកីឡាជាតិលើកទី៤ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡានេះ កីឡាករកីឡាការិនីបណ្តារាជធានីខេត្តដែលប្រជែងដណ្តើមបានជ័យលាភីចាប់ពីចំណាត់លេខ១ដល់លេខ៣មានឱកាសច្រើន និងត្រូវសហព័ន្ធជ្រើសរើសឱ្យជាប់ជាជម្រើសជាតិហ្វឹកហាត់បំប៉ន់ដោយសហព័ន្ធត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាលក្នុងព្រឹត្តិការណ៍អន្តរជាតិ និងស៊ីហ្គេម ជាដើម។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ សម្រាប់កីឡាវាយសី ដំណើរការប្រកួតចាប់ពីថ្ងៃទី៤ដល់ទី៨ខែ វិច្ឆិកា ឆ្នាំ២០២៤.ដោយមានវិញ្ញាសាចំនួន៧ វាយឯកក្តជនបុរស វាយឯកក្តជននារី វាយគូបុរស វាយគូនារី និងវិញ្ញាសាប្រកួតជាក្រុមបុរស និងនារី៕
រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ