កឋិននៅវត្តត្រពាំងវែង ទទួលបានបច្ច័យសង្កត់ត្រៃ ចំនួន ១១៩លានរៀល

កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែព្រះអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក។  នេះជាវត្តទី២ហើយ ក្នុងចំណោមវត្តចំនួន ៩វត្ត ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានគ្រោងដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ។

ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ នាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចាន់មុនី មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ឆ្នាំនេះ សម្តេចតេជោ ហ៊ុនសែន បានមានសទ្ធាជ្រះថ្លារៀបចំផ្តួចផ្តើមឲ្យមានការដង្ហែអង្គកឋិនទានមួយផងដែរទៅវេរប្រគេនព្រះសង្ឃនៅវត្តស្វាយសៀមថ្មី ស្ថិតនៅកម្ពុជាក្រោម នាថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។ 

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានខិតខំទាក់ទងអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។

នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវផងដែរ ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ឲ្យកាន់តែសំបូររុងរឿង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនព្រះសង្ឃវត្តត្រពាំងវែង៖ ព្រះសង្ឃក្រាលគ្រង ចំនួន ១ អង្គ ប្រគេនទេយ្យទាន ១កញ្ចប់ បច្ច័យ ៤០ម៉ឺនរៀល, ព្រះសង្ឃសូត្រស្តាំ-ឆ្វេង ចំនួន ២ អង្គ ក្នុង១អង្គ ទេយ្យទាន ១កញ្ចប់, បច្ច័យ ២០ម៉ឺនរៀល, ព្រះភិក្ខុសង្ឃគង់ហត្ថបាស ចំនួន ២ អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់, បច្ច័យ ២០ម៉ឺនរៀល, ព្រះសង្ឃសាមណេរ ចំនួន ១៩ អង្គ ក្នុង១អង្គ ប្រគេនបច្ច័យ ១០ម៉ឺនរៀល។ គណៈកម្មការអាចារ្យ+បម្រើការក្នុងវត្ត ចំនួន ២៧ នាក់ ក្នុងម្នាក់ៗជូនថវិកា ១០ម៉ឺនរៀល។

ប្រគេនបច្ច័យសង្កត់ត្រៃរបស់ឯកឧត្តម នាយឧ. កិត្តិសង្គហបណ្ឌិត និងលោកជំទាវ មានចំនួន ១០០លានរៀល, បច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ មានចំនួន ១៩លានរៀល (ត្រៃធំ ៣. ត្រៃលាង ១៨) បច្ច័យសរុបរួម មានចំនួន ១១៩លានរៀល (ត្រៃធំ ៦. ត្រៃលាង ២៤) ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី មន្ត្រីអាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner