ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ផ្សព្វផ្សាយនិងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ
ជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយក្រុមការងារអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ (ESEA) និងសហគមន៍ខ្មែរ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ ។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត ក៏ដូចជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតំបន់នានាក្នុងប្រទេសជប៉ុនជាង ៣០០នាក់។
ទូតកម្ពុជា តែងតែរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមន៍ខ្មែរ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់បានមកជួបជុំគ្នាសំណេះសំណាលគ្នា និងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ព្រមទាំងចូលរួមផ្សព្វផ្សាយលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ឱ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ កម្មវិធីនៃពិធីនេះមានជាអាទិ៍៖ សូត្រមន្ត ចម្រើនព្រះបរិត្តនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ការបរិភោគអាហារសាមគ្គី ការច្រូតស្រូវ និងដាល់អំបុក អកអំបុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សាន្ត។
ឯកឧត្តមឯកអគ្គរាជទូតបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានឃើញបងប្អូនខ្មែរជាច្រើនកុះករមកអញ្ជើញចូលរួម ដែលបង្ហាញពីសាមគ្គី ភាព និងមិត្តភាព ព្រមទាំងស្មារតីខ្មែរតែមួយ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរនៅជប៉ុនយ៉ាងច្រើនដែលបានចូលរួមបរិច្ចាគវិភាគទានស័្មគ្រចិត្តក្នុង “មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន” និង បានលើកទឹកចិត្តឱ្យបងប្អូនខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា ។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនបងប្អូនខ្មែរអំពីការរក្សាបាននូវសន្តិភាពពេញលេញទូទាំងប្រទេសចាប់ តាំងពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ន វឌ្ឍនភាពរបស់ប្រទេសកម្ពុជា រួមទាំងការត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដែលបានវាយតម្លៃរបស់គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយ នៃ អង្គការសហប្រជាជាតិ ៕
ដោយ / គ្រី សម្បត្តិ