សាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ដឹកនាំសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ១៧០នាក់ ស្វែងយល់អំពីបច្ចេកទេសដាំដំណាំគ្មានប្រើប្រាស់សារធាតុគីមី
តាកែវ៖ ការទទួលបានចំណេះនៅក្រៅសាលាពិតជាមានសារសំខាន់បំផុតសម្រាប់សិស្សានុសិស្សវ័យក្មេងដែលនឹងជួយឱ្យពួកគេបានរៀនសូត្រអនុវត្តដោយផ្ទាល់និងបានមើលឃើញសកម្មភាពពិតៗដែលពុំមានបង្រៀនក្នុងកម្មវិធីសក្សានៅក្នុងសាលារៀនពួកគេបានរៀនតាមរយ:សៀវភៅ ការចុះសង្កេត។
ដោយមើលឃើញពីសារសំខាន់ទាំងអស់នេះហើយទើបសាលាហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ តែងតែបង្កើតកម្មវិធីទស្សនកិច្ចសិក្សានៅក្នុងស្រុក សម្រាប់សិស្សយ៉ាងហោចណាស់ក្នុងមួយឆ្នាំពី៤ទៅ៥លើក ទៅកាន់តំបន់រមណីដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត តំបន់សេដ្ឋកិច្ច និងតំបន់កសិកសិកម្ម ដែលប្រជាសហគមន៍ កំពុងរកស៊ីទទួលទានដោយផ្ទាល់។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ សាលាបានដឹកនាំសិស្សានុសិស្សចាប់ពីថ្នាក់ទី៤ដល់៦ចំនួន១៧០នាក់ និងលោកអ្នកគ្រូចំនួន ២២នាក់ ចុះធ្វើទស្សនកិច្ចសិក្សាទៅកាន់ សហគមន៍កសិកម្ម សួនបន្លែ ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងចក ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ ខេត្ត តាកែវ មានចម្ងាយផ្លូវជាង ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អ្នកគ្រូ សាន ចាន់ថូ គ្រូថ្នាក់ទី៦នៃសាលាហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានពន្យល់ថា កក្តាចម្បងនៃទស្សនកិច្ចសិក្សានេះ សាលាមានគោលដៅចង់បណ្តុះផ្នាត់គំនិតដល់សិស្សានុសិស្សវ័យក្មេងបានមកសិក្សារៀនសូត្រនិងមើលឃើញដោយផ្ទាល់អំពីចំណេះដឹងដែលពុំមានការបង្រៀនចែករំលែកនៅក្នុងកម្មវិធីសិក្សាដែលសាលាបានបង្រៀនពួកគេឡើយ។ កម្មវិធីទស្សកិច្ចសិក្សាដោយផ្ទាល់នេះហើយ និងជួយឱ្យពួកគេរៀនសូត្រនិងស្វែងយល់បានកាន់តែច្បាស់នូវអ្វីដែលកំពុងតែវិវឌ្ឍកើតឡើងនៅក្នុងសង្កមនៃការរស់នៅរបស់មនុស្សយើង។ ការមកដល់កន្លែងដោយផ្ទាល់បែបនេះ សិស្សានុសិស្ស និងបានសួរនូវអ្វីដែលជាចម្ងល់ ហើយក៏ទទួលបានចម្លើយត្រឡប់មកវិញពីប្រជាសហគមន៍នូវចំណេះដឹងការដាំដុះ ដែលពួកគាត់ បានអនុវត្តជាប្រចាំ។
សិស្សានុសិស្សពីររូបដែលបានចូលរួមនៅក្នុងទស្សកិច្ចសិក្សាទៅកាន់សួនបន្លែ ទូច រម្យនា រៀនថ្នាក់ទី៦”B” និង រិទ្ធ គីមឡេង រៀនថ្នាក់ទី៦”A” បានបង្ហាញអារម្មណ៍រីករាយដែលសាលាបានបង្កើតកម្មវិធីទស្សនកិច្ចសិក្សាមកកាន់សួនបន្លែទំនើប ស្ថិតនៅឃុំ ត្រាំកក់ ស្រុក ត្រាំកក់ខេត្ត តាកែវ ព្រោះទស្សនកិច្ចសិក្សានេះ បានរៀនសូត្រពីប្រជាសហគមន៍ដោយផ្ទាល់អំពីការដាំ ការដាក់ជីនិងការថែទាំបន្លែរហូតដល់ការប្រមូលផល។ ហើយចំណេះដឹងនៃការដាំនេះទៀតសោធបានបង្រៀនឱ្យពួកគេបានយល់ដឹងនូវអ្វីដែលជាការដាំដោយមិនប្រើប្រាស់នូវសារធាតុជីគីមីដែលបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ។
ទស្សនកិច្ចសិក្សាដែលសាលាហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានបង្កើតឡើងនេះ មិនត្រឹមតែបង្រៀនឱ្យសិស្សបានយល់ដឹងអំពីបច្ចេកទេសការដាំដុះរបស់ប្រជាសហគមន៍ ប៉ុណ្ណោះនោះទេ ពោលវាថែមទាំងបានបណ្តុះផ្នាត់គំនិតឱ្យសិស្សមានចិត្តចេះជួយទៅដល់សង្គម នាពេលអនាគត ពិសេស បានបង្រៀនឱ្យពួកគេមានភាពជាម្ចាស់ការលើខ្លួនឯងនៅពេលនៅឆ្ងាយពីអាណាព្យាបាល និងបានបង្កើតបាននូវការប្រាស្រាយទាក់ទងល្អជាមួយមិត្តរួមសាលា ដែលជាបទពិសោធន៍ជួយឱ្យពួកគេ មានភាពក្លាហាន និងធ្វើអ្វីដោយមានការទទួលខុសត្រូវខ្ពស់ផងដែរ។
គួរឱ្យដឹងដែរថា សាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានចាត់ទស្សនកិច្ចសិក្សារបស់សិស្សជាការផ្តល់ចំណេះដឹងដ៏មានសារសំខាន់ចាំបាច់បំផុត ដែលជួយបង្រៀនឱ្យសិស្សទទួលបានបទពិសោធន៍ជាក់ស្តែង ដែលពុំមាននៅក្នុងកម្មវិធីសិក្សារៀននៅក្នុងសាលា ហើយបានជួយឱ្យសិស្សចេះឆ្នៃប្រឌិត និងចេះរៀបចំគោលដៅជីវិតដោយខ្លួបឯង។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗសាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានបង្កើតទស្សនកិច្ចសិក្សាយ៉ាងហោចណាស់ពី៥ទៅ៦លើកបូករួមនិងទស្សនកិច្ចសិក្សាទៅក្រៅប្រទេស ដូចជាប្រទេសសិង្ហបុរីជាដើម៕
ដោយ ៖ ជាវ ចន្ធូ