ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក អំពីចក្ខុវិស័យរួមនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព
(ហ្វីលីពីន)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង១៥នាទីព្រឹក ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃដំណើរចូលរួមកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណៈរដ្ឋហ្វីលីពីន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាលើ “យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គ ការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨” ជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ អា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក បានអំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព” កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់ អំពី ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ នឹងជាមគ្គុទ្ទេសក៍ សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង នៅក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួនបី៖
១-ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម ។
២-លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈ សកម្មភាពនៅក្នុង និងលើសពីវិស័យសុខាភិបាល ។
៣-ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន ៕
ដោយ ៖ ហេង សម្បត្តិ