កិច្ចសន្ទនា អនុសាសន៍គោលនយោបាយ លើកកម្ពស់តួនាទីស្ត្រីជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល វិទ្យាស្ថានជាតិ​ស្ថិតិ នៃក្រសួងផែនការ និងអង្គការ វាយថយស្ត្រតថឺជី ( Vital Strategies) តាម​រយៈគម្រោង ប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយសង្ខេប​ទាក់ទង​នឹងសុខភាព ហៅកាត់ថា (D2P) កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានរៀចំកិច្ចសន្ទនា អនុសាសន៍គោលនយោបាយស្តីពីការលើកកម្ពស់តួនាទី​ស្ត្រីជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

កិច្ចសន្ទនានេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ អង្គការVital Strategies ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ។ កិច្ចសន្ទនាអនុសាសន៍គោលនយោបាយស្តីពី ការលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមសម្រាប់បញ្ចូលក្នុងអនុសាសន៍គោលនយោបាយសម្រាប់ការរៀបចំផែនការសកម្មភាព និងស្វែង រកការគាំទ្រការអនុវត្តអនុសាសន៍គោលនយោបាយ ។

លោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ និងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដោយយើងបានដឹកនាំសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាពរបស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ។

ដើម្បីផ្តល់កិច្ចអន្តរាគមន៍សមស្របឆ្លើយតបនឹងយុទ្ធសាស្រ្តខាងលើ យើងត្រូវការជា​ចាំបាច់នូវទិន្នន័យដែលជាភស្តុតាងសម្រាប់ការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រនឹងសុខភាព។ ដូចនេះ ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេប​ទាក់​ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជា​ផ្នែកមួយ នៃការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ផងដែរ។

គួរបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង បានរៀបចំអនុសាសន៍គោល​នយោបាយ​ចំនួន៥ រួមមាន៖ ១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយ​អំពើ​ហិង្សាទាក់ទងនឹងយេនឌ័រ ,២.ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូន​ដើម្បីសង្គ្រោះជីវិតស្រ្តី ,៣. កាត់បន្ថយអត្រាមរណភាពមាតា ទារកនិងកុមារ ដោយលើកកម្ពស់ស្ថានភាព អាហារូបត្ថម្ភសម្រាប់ស្រ្តីក្នុង វ័យបន្តពូជ ស្រ្តីមាន​ផ្ទៃ​ពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ ១៥-៤៩ឆ្នាំ, ៤. ការកាត់បន្ថយផល​ប៉ះពាល់​និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ និង ៥. លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

គួរបញ្ជាក់ថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិ​បាល និងអង្គការ វាយថយស្ត្រតថឺជី Vital Strategies បានអនុវត្តគម្រោងស្តីពីការ​ប្រែក្លាយ​ទិន្នន័យទៅជាអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងសុខភាព ចាប់ពីខែ ធ្នូ ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ ក្នុងគោលបំណង ១. លើកកម្ពស់​ការ​​វិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាព​និងបរិយាបន្ន ២. បង្កើនសមត្ថភាពមន្រ្តីក្រសួងទាំង៣ ក្នុងការវិភាគ និងប្រើប្រាស់​ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រនិងសុខភាព និង៣. ផ្សព្វផ្សាយ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តអនុសាសន៍គោលនយោបាយ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner