ក្រសួងមុខងារសាធារណៈ ប្រជុំតាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន
(ភ្នំពេញ)៖ ឯកឧត្ដម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអគ្គលេខាធិការ អគ្គនាយក អគ្គាធិការរង អធិការ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋានទទួលបន្ទុកធនធានមនុស្សគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន សរុបចំនួន ១២២នាក់។
អង្គប្រជុំបានពិភាក្សាអំពី៖ ១)វឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័ន ២)តារាងទី១ សម្រង់ព័ត៌មានស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៣)តារាងទី២ សម្រង់ព័ត៌មានស្តីពីស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៤)តារាងទី៣ ស្តីពីតម្រូវការឧបករណ៍សម្ភារៈសម្រាប់គ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៥)តារាងទី៤ ស្តីពីតម្រូវការជំនួយបច្ចេកទេស ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។
បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈមនិងដំណោះស្រាយ ក៏ដូចជាសំណូមពរនានា អង្គប្រជុំបានសម្រេចដោយទទួលបានលទ្ធផលរួមមាន៖ ១)អង្គភាពធនធានមនុស្សគ្រប់ក្រសួង ស្ថាប័ន ត្រូវបំពេញតារាងរបាយការណ៍ និងផ្ញើមកក្រសួងមុខងារសាធារណៈឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទកំណត់ គិតត្រឹមថ្ងៃទី១០ ជារៀងរាល់ខែ ២)អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈរៀបចំក្រុមការងារសម្របសម្រួលដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន ក្នុងការបំពេញតារាង ៣)ការបំពេញតារាងព័ត៌មានគឺផ្តល់ភាពបទបែនទៅតាមក្រសួង ស្ថាប័ន និងមានភាពត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់៕
ដោយ ង៉ាន់ ទិត្យ