មន្រ្តីក្រសួងប្រៃសណីយ៍មកពី ២៤ខេត្ត ពិគ្រោះយោបល់គ្នាលើផែនការសកម្មភាព​អនុវត្ត​គោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យ​ប្រៃសណី​យ៍

(ខេត្តកំពត)៖ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ កំពតថ្មី នា​ខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការ​សកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​វិស័យប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត សាខា​ប្រៃសណីយ៍កម្ពុជា ព្រមទាំងសាខាប្រតិបត្តិករ ប្រៃសណីយ៍ឯកជន និង​អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និង​ប្រមូលធាតុចូល​ដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការសកម្មភាពការងារអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ សេចក្តីព្រាងប្រកាសស្តីពីការគ្រប់​គ្រង​គុណភាពសេវា និងរបាយការណ៍ នៃការធ្វើអង្កេតស្តីពី បច្ចុប្បន្នភាពនៃវិស័យ​ប្រៃសណីយ៍ ព្រមទាំងបង្កើតបាននូវទំនាក់ទំនង កិច្ចសហការកាន់តែជិតស្និទ្ធ​ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យប្រៃសណីយ៍ និងជំរុញការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយគុណភាព និងភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ និងការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ក្នុងគោលដៅរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និងគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារនៃក្រុមការងារ​ប្រៃសណីយ៍ លើការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើក​ទឹកចិត្តដល់អ្នកចូលរួម ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីចូលរួម​កែលម្អសេចក្តីព្រាងដែលបាននិងកំពុងត្រូវបានរៀបចំ ឱ្យមានលក្ខណ:ឆ្លើយតប និងគ្រប់ជ្រុងជ្រោយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner