ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សហគមន៍តំបន់ការពារធម្មជាតិ”

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សហគមន៍តំបន់ការពារធម្មជាតិ” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសិក្ខាកាមជាង ៣០០នាក់ ។

គោលបំណងនៃសិក្ខាសាលានេះផ្តោតលើ ៖ ១-ពង្រឹងសមត្ថភាព និងបណ្តុះភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋាន ,២-ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ជាជំហានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ៣-យល់ដឹងអំពីនីតិវិធីនៃដំណើរការរៀបចំនិងការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិ គឺជាការពារដល់ផលប្រយោជន៍សហគមន៍មូលដ្ឋាន និងទី៤-ការផ្តល់ភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋានគឺជាការផ្តល់សិទ្ធិអំណាចដល់សហគមន៍ ដើម្បីការអភិវឌ្ឍដោយចីរភាព ។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបញ្ជាក់ថា សិក្ខាសាលារយៈពេល ២ថ្ងៃនេះ គឺជាឱកាសមួយដែលសហគមន៍បង្ហាញអំពី សិទ្ធសេរីភាព នៅក្នុងការបញ្ចេញមតិរបស់គាត់ ដើម្បីលើកយកនូវបញ្ហាដែលជាឧត្តមមានុវត្តន៍មួយចំនួន ដោយគាត់ទទួលបានជាបទពិសោធន៍ល្អៗ ដែលបានអនុវត្តន៍នៅទីវាលយកមកចែករំលែក ។ ប្រជាសហគមន៍មូលដ្ឋានក៏នឹងមានឱកាសលើកឡើងនូវបញ្ហាប្រឈមមួយចំនួន យកមកចែករំលែក ដែលបានអនុវត្តន៍កន្លងមកនៅតាមសហគមន៍របស់គាត់ ។

ឯកឧត្តម អគ្គនាយកគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន មានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងរៀបចំជាវេទិការមួយសម្រាប់ចេញនូវមតិរបស់គាត់ ដើម្បីសម្តែងនូវសិទ្ធរបស់គាត់ ដើម្បីជាក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យ និងការផ្តល់ឱកាសនូវការសំណូមពរ ថាតើត្រូវធ្វើយ៉ាងណាដើម្បីឱការអនុវត្តន៍ការងាររបស់ប្រជាសហគមន៍មូលដ្ឋានប្រកទៅដោយប្រសិទ្ធផល ហើយក៏ជាឱកាសមួយដែលក្រសួងបរិស្ថានអាចរៀនសូត្រ ស្តាប់បទពិសោធន៍ ពីប្រជាសហគមន៍ទៅលើបញ្ហាដែលបានជួបប្រទះ អ្វីខ្លះដែលសហគមន៍ទទួលបាន ហើយសំណូមពរអ្វីខ្លះដែលប្រជាសហគមន៍ចង់បាន ដោយក្រសួងនិងរៀបចំនូវការអន្តរគមន៍មួយចំនួន ក្នុងក្របខណ្ឌលិខិតបទដ្ឋានគតិយុទ្ធ ក្នុងក្របខណ្ឌនៃការកសាងនូវសមត្ថភាព ក្នុងការជំរុញនូវគោលនយោបាយ និងផ្តល់អន្តរាគមន៍ទៅលើមុខរបរផ្សេងៗសម្រាប់ ជួយគាត់នៅក្នុងការអនុវត្តន៍និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកកាត់ ។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន សិក្ខសាលានេះធ្វើឡើងដើម្បីប្រមូលធាតុចូលសំខាន់ៗ ដើម្បីវាយតម្លៃនៃតម្រូវការ និងតម្រង់ទិសសម្រាប់សការអនុវត្តនាពេលខាងមុខ សំដៅអភិវឌ្ឍន៍សហគមន៍ការពាំរធម្មជាតិ តាមរយៈការបង្កើនសមត្ថភាព យល់ដឹងបន្ថែម អំពីឱកាស បញ្ហាប្រឈម និងកំណត់បានមធ្យោបាយដោះស្រាយបញ្ហាក្នុងដំណើរគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ការពារធម្មជាតិយើង ។

ជាមួយគ្នានេះលោកជំទាវ គូសបញ្ជាក់បន្ថែមថា តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមនឹងមានការយល់ដឹង បន្ថែមអំពីឱកាសហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍សហគមន៍ តំបន់ការពារធម្មជាតិ ក៏ដូចជាការជំរុញផលិតផលរបស់សហគមន៍ទៅក្នុងទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩៣ សហគមន៍ ដោយមានការចូលរួមពីប្រជាជន ៧៣.១៩៤គ្រួសារ មកពី៣៦២ភូមិ ១១៥ ឃុំ និងខេត្តចំនួន ១១ខេត្ត គ្របដណ្តប់លើផ្ទៃដីទំហំ ៣៣៤.១០៨ហិកតា។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ក្នុងគោលបំណងលើកកម្ពស់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈជម្រើសមុខរបរសមស្របដែលមានមេត្រីភាពបរិស្ថាន ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner