ឯកឧត្តម គួច ចំរើន៖ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីគោលនយោបាយសម្រាប់មនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាក
ល នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” ដែលបានរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ៣០០នាក់។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាស និងបញ្ហាប្រឈម របស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង។
លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានមានប្រសាសន៏ថា ខេត្តកណ្តាលមានប្រជាជនសរុបចំនួន ១,៣៨៤,៤០០នាក់ មនុស្សចាស់មានចំនួន ប្រមាណ ១៥៣,៤០០នាក់ ក្នុងនោះមនុស្សចាស់ជាអតីតមន្ត្រីរាជការ ស៊ីវិល ចូលនិវត្តន៍ និងជនបាត់បង់ សម្បទាវិជ្ជាជីវៈចំនួន ៤,៦៨៥នាក់ និងអតីតយុទ្ធជន ជានិវត្តជន និងបាត់បង់សមត្ថភាពការងារ ចំនួន ២,៣២៨នាក់ ។
លោកប្រធានមន្ទីរ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់មនុស្សចាស់ ជាក់ស្តែងនៅខេត្តកណ្តាល បានដោះស្រាយរបបគោលនយោបាយនានា ជូនដល់មនុស្សចាស់ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ៧,០១៣នាក់ ចំណាយថវិកាក្នុង១ខែ ៦,៥៨៦,៤៨៥,៥០០ រៀល (ប្រាំមួយបិលលាន ប្រាំរយប៉ែតសិបប្រាំមួយលាន បួនរយប៉ែតសិបប្រាំពាន់ ប្រាំរយរៀល) ក្នុងនោះរួមមាន៖ មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន៤,៦៨៥នាក់ សរុបថវិកាចំនួន ៣,៩៥១,១១៨,៨០០រៀល (បីបិលលាន ប្រាំបួនរយហាសិបមួយលាន មួយរយដប់ប្រាំបីពាន់ ប្រាំបីរយរៀល)៕
ដោយ ៖ ង៉ាន់ ទិត្យ