ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតកំញើញកោះតៃវ៉ាន់
ប៉េកាំង៖ យោធាចិន នៅថ្ងៃអង្គារ៍នេះ ចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់ ពោលគឺបន្ទាប់ពីទើបបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងចំពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យកងទ័ពត្រៀមខ្លួនសម្រាប់សង្គ្រាម។
រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) នៅកោះ Pingtan ភាគខាងកើត ប្រកាសថា “សមយុទ្ធបាញ់គ្រាប់ពិត” នឹងប្រព្រឹត្តទៅនៅក្នុងតំបន់មានចម្ងាយប្រហែល ១០៥គីឡូម៉ែត្រពីកោះតៃវ៉ាន់។
រដ្ឋបាល MSA និយាយថា ពួកគេនឹងចាប់ផ្តើមធ្វើសមយុទ្ធនៅម៉ោង ៩ព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយប្រព្រឹត្តទៅរយៈពេល ៤ម៉ោង នៅលើផ្ទៃទំហំប្រហែល ១៥០គីឡូម៉ែត្រការ៉េ។ កោះ Pingtan ជាចំណុចជិតបំផុតរវាងប្រទេសចិនដីគោក និងកោះតៃវ៉ាន់។
យ៉ាងណាមិញ អាជ្ញាធរដែនសមុទ្រចិនមិនបានប្រាប់ឱ្យដឹង ថាតើកងកម្លាំងចិនណា ដែលនឹងបាញ់គ្រាប់ពិត ឬគោលបំណងនៃការធ្វើសមយុទ្ធនេះទេ។ ប៉ុន្តែជាការឆ្លើយតប ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ ចំពោះសកម្មភាព និងចេតនាយោធារបស់ប្រទេសចិន។
បើតាមរដ្ឋាភិបាលទីក្រុងតៃប៉ិ សមយុទ្ធចិននេះ អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ដើម្បីបង្កើនការបំភិតបំភ័យ ហើយនាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក Cho Jung-tai បានពណ៌នាសកម្មភាពនេះថា ជា “ការគំរាមកំហែងដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់”៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា