កសិករដែលរងគ្រោះដោយរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅស្រុកជើងព្រៃ បានទទួលពូជស្រូវ
កំពង់ចាម៖ឯកឧត្ដម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤បាននាំយកពូជស្រូវចំនួនជាង៨ តោនរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងទៅផ្តល់ជូនប្រជាកសិករចំនួន ៨៣គ្រួសារ ដែលរងគ្រោះដោយភាពរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គនៅឃុំចំនួនបីនៃស្រុកជើងព្រៃ។

លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃបានឱ្យដឹងថា ឃុំចំនួនបី ក្នុងនេះមាន ឃុំចំនួនពីរជួបគ្រោះរាំងស្ងួត និងឃុំមួយទៀតជួបជំនន់ទឹកទន្លេមេគង្គ។ ឃុំរាំងស្ងួត មានចំនួនពីរឃុំ គឺឃុំព្រីងជ្រុំមានផ្ទៃដីខូចខាតចំនួន ៥ហិកតានិងឃុំត្រពាំងគរផ្ទៃដីខូចខាតចំនួន ៣៥ ហិកតា ។ចំណែកឃុំរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គគឺឃុំព្រៃចារផ្ទៃដីខូចខាតចំនួន ១៦ហិកតា។ សរុបទាំងបីឃុំ មានចំនួនប្រាំភូមិ ស្មើនឹង ៨៣គ្រួសារ និងមានផ្ទៃដីខូចខាតចំនួន ៥៦ ហិកតា។

ពូជស្រូវដែលចែកជូនកសិកររងគ្រោះមានចំនួន ៨.៣០០គីឡូក្រាម។ប្រជាកសិករ ៨៣គ្រួសារ ក្នុងមួយគ្រួសារទទួល ១០០គីឡូក្រាមដើម្បីធ្វើការដាំដុះស្តារឡើងវិញ។ពូជស្រូវទាំងនេះត្រូវបានសម្រិតសម្រាំងដោយក្រសួងកសិកម្ម។ គឺពូជOM5451 ជាពូជដែលមិនប្រកាន់រដូវ។រយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ។

ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជា ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមក ព្រមទាំងចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះថែមទៀតផង។

ឯកឧត្តមបានរំលឹកដល់កសិករថា ពូជស្រូវមិនប្រកាន់រដូវនេះ ប្រើរយៈពេលខ្លីអាចទទួលបានទិន្នផលខ្ពស់ ។ដូច្នេះនៅពេលដែលទទួលបានហើយ សូមយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីបំពេញបន្ថែមអ្វីដែលបាត់បង់៕
ដោយ៖លី ពៅ



