ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសកើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មកដល់ថ្ងៃទី២៣ តុលា ២០២៤ គឺមានអាយុកាល ៣៣ឆ្នាំមកហើយ ដែលកម្ពុជាសម្រេចបានការឯកភាពជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ ឈានទៅរកការរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ បែបប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។ ដោយឡែកនៅក្នុងស្ថានការណ៍នយោបាយនៅកម្ពុជានាពេលនោះ គឺកម្ពុជាមនទាន់ទទួលបានឯកភាពជាតិទាំងស្រុងនៅឡើយទេ។ ដោយសារកម្លាំងខ្មែរក្រហមធ្វើពហិការមិនព្រមចូលរួមបោះឆ្នោត ទឹកដីកម្ពុជាមួយចនួននៅបែងចែកគ្នាកាន់កាប់នៅឡើយ។ តែដោយសារនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្រួបបង្រួមជាតិឈានដល់ការឯកភាពជាតិទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលប្រទេសកម្ពុជាបានទទួលសុខសន្តិភាព និងការអភិវឌ្ឍក្រោមដំបូលសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំថា កម្ពុជាទម្រាំឈានទៅរកការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបាននៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ១៩៩១ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯកភាពជាតិខ្មែរ គឺលោកទាំងពីរបាននាំមកនៅឯករាជ្យភាពជាតិ ការបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរជូនជាតិនិងប្រជាជនកម្ពុជាមិនអាចកាត់ថ្លៃបានឡើយ។ សមទ្ធិផលទាំងអស់នេះ ក្នុងនាមយើងជាខ្មែរចាំបាច់រួមគ្នារក្សាការពារឱ្យបាននូវសន្តិភាព និងរួមគ្នាអភិវឌ្ឍន៍មាគ៌ាកម្ពុជាឱ្យរីកចម្រើនរុងរឿងតរៀងទៅអនាគតប្រកបដោយចីរភាព។
សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នាដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា នៅទីក្រុ ងប៉ារីស ប្រទេសបារ៉ាង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រុំារៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង ២ទសវត្សរ៍មក។
កិច្ចព្រមព្រៀង ២៣ តុលា នោះឯងហើយ ទើបកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបប រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឱ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ ។ ដោយត្រូវបានទទួលស្គាល់ជាទូទៅថា ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន អនេកពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។
ខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ស្មារតី ឬខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ មានជាអាទិ៍ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធ នៅក្នុងជួរ ទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់ = UNTAC)រៀបចំការបោះឆ្នោត សកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់ប្រទេសកម្ពុជា។ លើសពីនេះទៅ គឺការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភ បំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ