មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ៖ សម្តេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព មគ្គុទ្ទេសក៍ឯកក្នុងការបង្រួបបង្រួមផ្សះ​ផ្សាឱ្យមានឯកភាពជាតិ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤ ដែលជាខួបលើកទី៣៣ គឺជាឫសកែវដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍដល់ប្រទេសកម្ពុជា ក៏ដូចជាការស្វែងរកសេចក្តីសុខជូនដល់ប្រជាជនទូទាំងប្រទេស។ បើសិនកម្ពុជាពុំមានការជួបជុំ ក៏ដូចជាការប្រជុំដ៏ធំមួយរវាងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីដែលមានសមត្ថភាពជាច្រើនរូបទៀតនោះទេ កម្ពុជាពុំមានការឯកភាពជាតិផ្តល់នៅសុខសន្តិភាពទាំងអស់នេះឡើយ។

ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា បើទោះបីជាកម្ពុជាត្រូវបានរំលត់ទៅដោយភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ ប៉ុល ពត , អៀង សារី ក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅមានការឈ្វេងយល់រវាងនយោបាយផ្ទៃក្នុងនៅក្នុងប្រទេសរបស់ខ្លួន។ កម្ពុជាតែងតែជួបនៅបញ្ហាមិនមានការឯកភាពគ្នាក្នុងការអភិវឌ្ឍប្រទេសជាច្រើនដែលបង្កឱ្យកម្ពុជាពុំទទួលបាននៅសេចក្តីសុខ។ ដូច្នេះអាចនិយាយបានថា សម្តេចតេជោ ហ៊ុន សែន គឺជាបតិតាសន្តិភាព មគ្គុទ្ទេសក៍ឯកក្នុងការបង្រួបបង្រួមផ្សះផ្សាឱ្យមានឯកភាពជាតិនៅក្នុងប្រទេសរបស់ខ្លួនយ៉ាងពិតប្រាកដ។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ក៏បានអំពាវនាវដល់អ្នកនយោបាយជំនាន់ក្រោយក៏ដូចជាឥស្សរជននយោបាយសំខាន់ៗ សូមមើលគំរូវីរៈភាពដ៏អង់អាច ក៏ដូចជាមេដឹកនាំកំពូលដែលមានចិត្តសាស្ត្រក្នុងការរៀបចំប្រទេសឱ្យមានសុខសន្តិភាពមកទល់បច្ចុប្បន្ននេះ​ សូមកុំលាបពណ៌ចោទប្រកាន់និងចាប់យកកំហុសតូចៗមកជាបញ្ហាដើម្បីជាន់ពន្លិចប្រជាប្រិយភាពគណបក្សនីមួយៗ ក៏ដូចជាអ្នកនយោបាយផ្សេងៗដទៃទៀត។ កម្ពុជានាពេលបច្ចុប្បន្ននេះ ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ហើយស្ថិតក្នុងការអភិវឌ្ឍក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុន្ន ដែលជានាយករដ្ឋមន្ត្រីកើតចេញពីការជ្រើសរើសយ៉ាងពេញចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤ គឺជាឫសកែវសំខាន់របស់កម្ពុជាក្នុងការឯកភាពជាតិ បង្រួបបង្រួមជាតិ រក្សានៅអធិបតេយ្យភាពរបស់កម្ពុជាក្នុងការស្វែងរកសុខសន្តិភាពជូណដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសឱ្យមានភាពរុងរឿងរីកចវំរើនមកទល់បច្ចុប្បន្ននេះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមរក្សាការពារឱ្យបាននៅសុខសន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន៕
ដោយ៖ពលជ័យ

ads banner