កូកា-កូឡាឧបត្ថម្ភធុងញែកសំរាមនៅសាលាក្នុងខណ្ឌកំបូល សំដៅបណ្តុះទម្លាប់ ដើម្បីសម្រួលការកែច្នៃ

ភ្នំពេញ ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ រួមចំណែកលើកស្ទួយឲ្យសិស្សានុសិស្សមានទម្លាប់ញែកសំរាមនៅតាមសាលារៀននានាក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមរយៈការផ្ដល់ជូននូវធុងញែកសំរាមចំនួន៤១ធុង ជាផ្នែកមួយនៃយុទ្ធនាការ “ផ្ទៃមេឃពណ៍ខៀវ” និង “សូន្យសុទ្ធ” ២០៥០។

ការផ្ដល់ជូនធុងញែកសំរាមនេះ ក៏ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ចំពោះការខិតខំប្រឹងប្រែងលើផ្នែកចីរភាពនិងគាំពារបរិស្ថានផងដែរ។ ការចូលរួមនេះគឺដើរស្របទៅនឹងយុទ្ធសាស្ត្រចីរភាពរួមរបស់ប្រព័ន្ធកូកា-កូឡា ពោលគឺគំនិតផ្ដួចផ្ដើម «ពិភពលោកគ្មានសំរាម» របស់ក្រុមហ៊ុនកូកា-កូឡា និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព «ជម្រើសយើង អនាគតយើង» របស់ក្រុមហ៊ុនស្វាយអឺកូកា-កូឡា ពាក់ព័ន្ធទៅនឹងការវេចខ្ចប់និងការកសាងអនាគតមួយប្រកបដោយចីរភាព។

ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “កង្វះហេដ្ឋារចនាសម្ព័ន្ធនៃការញែកសំរាមសំណល់រឹង គឺជាឧបសគ្គដ៏លំបាកមួយក្នុងការកែលម្អការកែច្នៃសំរាម សំណល់រឹង ដូច្នេះយើងខ្ញុំពិតជារំភើបក្នុងការសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដោយមានការគាំទ្រពី ក្រុមហ៊ុន កូកា-កូឡា រួមទាំងការផ្តួចផ្តើមគំនិតក្នុងការគ្រប់គ្រងសំរាម សំណល់រឹងដ៏សំខាន់ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលផងដែរ។

បើទោះបីថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើម ហើយយើងមានផ្លូវវែងឆ្ងាយទៀតដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងក៏ដោយ ក៏ខ្ញុំសូមកោតសរសើរ និងមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់យុវជនយើង ហើយខ្ញុំជឿជាក់ថាយើងអាចធ្វើការរួមគ្នាដើម្បីកសាងប្រទេសកម្ពុជាឲ្យកាន់តែស្អាត ប្រកបដោយភាពបៃតង និងនិរន្តរភាព។”
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនង កិច្ចការសាធារណៈ និងចីរភាព នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានគូសបញ្ជាក់អំពីឆន្ទៈគាំពារបរិស្ថានរបស់ក្រុមហ៊ុនថា “យើងខ្ញុំមានមោទកភាពរួមចំណែកទ្រទ្រង់ដល់ភាពសុខដុមរមនារបស់សហគមន៍ ដែលជាផ្ទះទីពីររបស់យើង តាមរយៈការជ្រោមជ្រែងឲ្យមានទម្លាប់ល្អទៅលើការគ្រប់គ្រងសំណល់។

យើងមានការប្ដេជ្ញាចិត្តកាត់បន្ថយសំណល់ និងលើកស្ទួយដល់ការកែច្នៃសំណល់ ហើយស្មារតីនេះ គឺដើរស្របទៅនឹងគោលដៅសកលរបស់យើងនិងស្ថានភាពជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ កត្តានេះ ញ៉ាំងឲ្យយើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាមួយចំនួន សម្រួចឆ្ពោះទៅកសាងអនាគតមួយប្រកបដោយចីរភាព។”
“យើងទទួលស្គាល់ថាការកែច្នៃសំណល់ប្រកបដោយភាពជោគជ័យ ពិតជាមានតួនាទីសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថក្នុងសហគមន៍។ គម្រោងនៃការចែកធុងសំរាមកែច្នៃនេះមានគោលបំណងក្នុងការចូលរួមជាមួយយុវជនក្នុងការយល់ដឹងអំពីរបៀបនៃការញែកសំរាម សំណល់រឹង និងការស្វែងរកគុណតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន។

តាមរយៈការបណ្តុះទម្លាប់ទាំងនេះដល់ក្មេងជំនាន់ក្រោយ យើងរួមគ្នានឹងបង្កើតឥទ្ធិពលរលកទៅដល់គ្រួសាររបស់ពួកគេ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ការផ្តួចផ្តើមតាមរយៈការអប់រំមួយនេះគឺជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការកសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត និងមាននិរន្តរភាពជាងមុន” នេះបើយោងតាមកញ្ញា ស៊ូមី គីម តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំប្រទេសកម្ពុជា។
គោលបំណងនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីបង្កើនបរិមាណសំរាម សំណល់រឹងដែលអាចកែច្នៃឡើងវិញ និងកាត់បន្ថយការដុតចោលតាមរយៈការដាក់ពង្រាយធុងសំរាមនៅទូទាំងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីទីសាធារណៈដូចជា មជ្ឈមណ្ឌលអប់រំ (ឧទាហរណ៍ សាលាបឋមសិក្សា និងវិទ្យាល័យ) ផ្សារ និងមជ្ឈមណ្ឌលសហគមន៍ជាដើម៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner