អ្នកជំនាញ បន្តការជួសជុលជណ្តើរប្រាសាទបាទជុំ ដោយសារទទួល​រងការខូចខាតហែកចេញពីគ្នា

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ ប្រាសាទ​បាទ​ជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិស​ខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះ នៃសំណង់​របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។

ប្រាសាទបាទជុំកសាងឡើង ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាល​សតវត្សរ៍​ទី១០។ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅ លើ​ខឿនថ្ម​បាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ និងអាយុកាល ។

វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងទាក់ទិនក្នុងរឿងនេះថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាល​មកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែង​បណ្តាល​ឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅ​សម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើន​ឆ្នាំកន្លងមក បានធ្វើ​ឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។

អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុច​ខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្មដែល​បែកបាក់​ឬខូចខាត ហើយទើបរៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធកាំ​ជណ្តើរ​ឡើងវិញ។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។

ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ពន្ធ​សំណង់​ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំនេះផង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner