រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ភាពស្អាតជួយឱ្យយុវជនក្លាយជាអនគតប្រទេសជាតិ​ប្រកបដោយសក្តានុពល

(ភ្នំពេញ)៖«យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាត កាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុង​ការ​រស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និង​សុខភាព​របស់ខ្លួនបានល្អ ក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គម​ឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ»។

នេះគឺជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន នៅអំឡុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី យុវជនបរិស្ថាន ចូល​រួម​លុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន និងបញ្ចប់ជម្ងឺអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះក្រុមយុវជន ដែលបានចូលរួមស្ម័គ្រចិត្ត​ធ្វើ​សកម្មភាពសង្គម នានា ហើយជំរុញបន្តលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែក​រំលែក​​ចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ ក្នុងនោះដែរយុវជនត្រូវចៀសវាងការប៉ះ​ពាល់នឹងគ្រឿងញៀន និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ដើម្បីក្លាយខ្លួនជាធន​ធាន​​ដ៏សំខាន់សម្រាប់អនាគតកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថាបរិស្ថាន ជាបញ្ហារបស់យើង​ទាំង​អស់គ្នា ហើយដើម្បីសង្គមយើងមានអនាម័យបរិស្ថានស្អាត ចាំបាច់ត្រូវមានការ​ចូល​រួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ សហគមន៍ទាំងមូល។

សូមបញ្ចាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានផ្តោតសំខាន់លើសសរស្តម្ភចំនួន ៣គឺ ភាពស្អាត បៃតង និងចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើក​ឡើង​ថា «ភាពស្អាត» តម្រូវឱ្យមន្រ្តីក្រសួងបរិស្ថានចូលរួមចំណែកធ្វើឱ្យបរិស្ថាន-សង្គមនៅកម្ពុជា របស់យើងស្អាត ក្នុងនោះមិនត្រូវប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជា​ការប្រើប្រាស់គ្រឿងញៀន ជួញដូរ និងចែកចាយគ្រឿងញៀន ព្រមទាំងបង្កឱ្យបញ្ហា​ជំងឺ​អេដស៍កើនឡើង ដែលដាក់បន្ទុកធ្ងន់ឱ្យគ្រួសារ និងសង្គមជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការចូលរួមមិនត្រឹមតែផ្សព្វផ្សាយលើភាពស្អាត ដែលមាន ភាពស្អាតនៅក្នុងខ្លួនប៉ុណ្ណោះទេ គឺត្រូវបន្តបោះជំហាន ទៅជាយុទ្ធនាការ ធ្វើឱ្យមានភាពស្អាតនៅក្រៅខ្លួន បន្ទាប់មកត្រូវប្រែក្លាយយុទ្ធនាការ ទៅជាចលនា​ថែមទៀត។ នៅពេលប្រជាពលរដ្ឋបានចូលរួម ជាចលនាច្រើនឡើងនោះ ប្រជាពល​រដ្ឋនឹងមានទម្លាប់ស្អាត នៅពេលនោះសង្គមជាតិយើងនឹងទទួលបានភាពស្អាត មាន​ការរីកចម្រើនប្រកបដោយចីរភាព៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner