រដ្ឋមន្រ្តីសង្គមកិច្ចអញ្ជើញចូលរួមប្រកាសទទួលស្គាល់សមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែប

កែប៖មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តកែប​បាន​រៀប​ចំពិធីប្រកាសសមាសភាពសាខា​មូលនិធិជាតិ​ជំនួយ​សង្គមខេត្ត​កែបក្រោមការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា   ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ។

ក្នុងពិធីដែលផ្សាភ្ជាប់ជាមួយការជួបសំណេះសំណាលផងកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលខេត្តកែប​សម្រេចបាននាពេលកន្លងមក ។សមិទ្ធិទាំងនេះ​ធ្វើឱ្យ​ខេត្តកែប​ប្រែប្រួលមុខមាត់ថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមអបអរសាទរជាមួយ លោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹក​នាំ​នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែប ។សាខាមូលនិធិ​ជាតិមួយនេះ ជាសេនាធិការឱ្យក្រសួង និង មូលនិធិ​ជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានរំលឹកថា ការផ្ដល់សេវាជូនប្រជាពល​រដ្ឋទាមទារ ឱ្យមានក្រមសីលធម៌ល្អ ,ប្រើពាក្យពេចន៍​សមរម្យ​ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធការផ្ដល់បណ្ណសមធម៌ ក៏ដូចជាកម្មវិធីជំនួយសង្គមនានា ដែលផ្ដល់ដោយរាជ​រដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់មណ្ឌលកុមារកំព្រារមានដូចជាអង្ករមួយតោន, មី៤០កេះ, ប្រេងឆា ៤០ដប, ត្រីខ៣កេស, មុង៤០, ភួយ៤០, ប៊ីចេង៤០កញ្ចប់, ចានដែកបោកខោអាវ១៥ និងថវិកាមួយលាន
រៀល៕
ដោយ៖ សិលា សារិន

ads banner