ស្រូវពូជរាជរដ្ឋាភិបាលជាង១៤តោន ត្រូវបានចែកពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៤៧គ្រួសារនៅស្រុកស្ទឹងត្រង់
កំពង់ចាម៖ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងចំនួន ១៤.៧០០គីឡូក្រាមត្រូវយកទៅផ្តល់ជូនប្រជាកសិករ ចំនួន១៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គនៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដោយមានវត្តមានឯកឧត្តម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមផងដែរ។ស្រូវពូជទាំងនេះសម្រាប់កសិករស្ដារឡើងវិញលើផ្ទៃដីដែលខូចខាត និងបាត់បង់ទិន្នផលកសិកម្មនាពេលកន្លងទៅ។
ក្នុងពិធីផ្តល់ពូជស្រូវសម្រាប់កសិករស្តារឡើងវិញ កាលពីរសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបញ្ជាក់ថា ពូជស្រូវដែលចែកជូននេះ ជាពូជស្រូវ OM5451នេះ ។ជាប្រភេទពូជស្រូវល្អមិនប្រកាន់រដូវ និងមានរយៈពេលខ្លីអាចទទួលបានទិន្នផលខ្ពស់ទៀតផង។ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលាដើម្បីប៉ះប៉ូវការខូចខាតនាពេលកន្លងទៅ ។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានសម្រេចផ្តល់នូវពូជស្រូវតាមរយៈប្រព័ន្ធស្បៀងបម្រុងចែកជូនដល់ប្រជាកសិករ១៤៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ ព្រមទាំងបានចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះ ផងដែរ ។
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា នៅអំឡុងខែសីហាកន្លងទៅឃុំព្រែកកក់ និងឃុំព្រែកបាក់ បានរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គលើកទី១ បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវវស្សា និងពោតក្រហមសរុប ១១៦ហិកតា ស្មើនឹង ១៤៧គ្រួសារ ក្នុងនោះផ្ទៃដីដែលខូចខាត៨៥ហិកតា ស្មើនឹង ១៤៧គ្រួសារ ៕
ដោយ៖លី ពៅ