USAID ប្រកាសការវិនិយោគ ១២លានដុល្លារ ដើម្បីបន្តគាំទ្រក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសការវិនិយោគ ១២លានដុល្លារ ដើម្បីបន្តគាំទ្រក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ។
នេះជាគូសបញ្ជាក់របស់លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។
លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ