ពិព័រណ៍ “ការសិក្សានៅអឺរ៉ុប” ២ថ្ងៃនឹងផ្ដល់ឱកាសដល់ សិស្ស-និស្សិត កម្ពុជាដើម្បីស្វែងយល់អំពីអាហារូបករណ៍និងការសិក្សា សាកលវិទ្យាល័យនៅអឺរ៉ុប

ភ្នំពេញ៖ កម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» នៅឯ Factory ក្នុងរាជធានីភ្នំពេញ​ត្រូវ​បាន​សហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងអប់រំ ចាត់ទុកថាគឺជាការបោះជំហានដ៏សំខាន់​មួយឆ្ពោះទៅរកការលើកកម្ពស់នៃឱកាសទទួលបានសិក្សាសម្រាប់សិស្ស និង និស្សិត​​​​កម្ពុជា ។ កម្មវិធីពិព័រណ៍ដែលអាចចូលរួមដោយសេរីតាមរយៈការ​ចុះឈ្មោះ​ជាមុននេះត្រូវបាន រំពឹងទុកថានឹងមានវត្តមានសាធារណៈជនចូលរួមប្រមាណជាង ១៥០០នាក់ ។

ពិព័រណ៍សិក្សានៅអឺរ៉ុបនេះបានរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃពោល គឺចាប់ពីថ្ងៃទី ២៤-២៥ ខែតុលានេះ នឹងផ្តល់ឱកាសដល់សិស្សានុសិស្សស្វែងយល់ពី​កម្មវិធីថ្នាក់​បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍​ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេស​បែល​ហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់ គណៈកម្មការអឺរ៉ុប។ មិនតែប៉ុណ្ណោះ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក៏នឹងមានវត្តមាន និងផ្លាស់ប្តូរជាមួយនឹងតំណាង​មកពីបណ្ដាសាកលវិទ្យាល័យអឺរ៉ុបផងដែរ ។

លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជាបានឱ្យដឹងថា “អឺរ៉ុបគឺជាគោលដៅសិក្សាដ៏ពេញនិយមបំផុតនៅលើសកលលោក។ សាកលវិទ្យា​ល័យ​របស់យើងផ្តល់ជូននូវការអប់រំខ្ពស់លំដាប់ពិភពលោក ដែលសាកសម​នឹងតម្លៃ។ ទីកន្លែងសិក្សាទាំងនោះរួមមានចាប់ពីតំបន់សម្បូរ​ព្រៃក្នុងប្រទេស​ហ្វាំងឡង់ ទៅកាន់ប្រទេសអាឡឺម៉ង់ និងបារាំង ដែលជាទីក្រុងដែលសំបូរ​ទៅដោយទិសដៅប្រវត្តិសាស្ត្រ ឬក៏ទៅកាន់ភូមិដ៏ស្រស់ស្អាតក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញជាដើម។

លោកបានថ្លែងដែរថា៖សម្រាប់សិស្សដែលសិក្សានៅអឺរ៉ុបក៏មានឱកាសស្វែង​យល់​ពីភាពចម្រុះនៃទ្វីប និងរបៀបរស់នៅបែបអឺរ៉ុបផងដែរ។ អាហារូបករណ៍ក៏មានឱកាស​យ៉ាងទូលំទូលាយដើម្បីទទួលបានការសិក្សាចល័តរបស់សិស្សទៅកាន់អឺរ៉ុប និងក្នុង​ចំណោមរដ្ឋនៅអឺរ៉ុប ។ ការមកទស្សនាពិព័រណ៍នេះ គឺជាឱកាស​ដ៏ល្អសម្រាប់និស្សិត​កម្ពុជា និងអាណាព្យាបាលរបស់ពួកគេ ដើម្បីស្វែងយល់ពីឱកាសផ្សេងៗដែល​សាកល​វិទ្យាល័យអឺរ៉ុបនឹងផ្តល់ជូន»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា៖ «យើងមានមោទកភាពយ៉ាងខ្លាំងដែល​ពិព័រណ៍​សិក្សានៅអឺរ៉ុបត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំនេះ។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សនិស្សិតរបស់យើងទៅសិក្សានៅអឺរ៉ុប ដើម្បីបង្កើន​ជំនាញ​របស់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម។ សញ្ញាបត្រសិក្សា​មកពី​អឺរ៉ុបត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ការសិក្សានៅអឺរ៉ុបពិតជាជួយលើក​កម្ពស់អនាគតការងាររបស់យុវជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងនៃបណ្ដា​ប្រទេសនៅអឺរ៉ុបក៏ជាកន្លែងដែលអាចរស់នៅបានយ៉ាងសមរម្យ ដែលរួមមានផ្លូវជិះកង់ និងខ្យល់អាកាសបរិសុទ្ធផងដែរ»។

សូមបញ្ជាក់ថាក្រៅតែពីស្តង់តាំងបង្ហាញជាង ៣០កន្លែង អ្នកចូលរួមទស្សនាកម្ម​វិធី​ពិព័រណ៍នេះ ក៏អាចសួរសំណួរដោយផ្ទាល់ទៅកាន់អតីតនិស្សិត​ដែលធ្លាប់​បាន​សិក្សា​នៅអឺរ៉ុប និងស្វែងយល់ពីរបៀបដែលការសិក្សានៅអឺរ៉ុប​បានផ្លាស់ប្តូរជីវិត​របស់​ពួកគេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបារាំង Decathlon ក៏នឹងចូលរួមតាំង​បង្ហាញ​និងរៀបចំ សកម្មភាពកីឡាក្នុងកម្មវិធីនេះផងដែរ។

គួររំលឹកដែរថា សហភាពអឺរ៉ុប គឺជាស្ថាប័នផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងធំ​បំផុតគាំ​ទ្រដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក​របស់​ខ្លួនបានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វិស័យ​អប់រំច្រើន​ជាងប្រទេសផ្សេងៗទៀតនៅលើសកលលោក៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីមភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner