២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការ CLV-DTA កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ដូចការចោទប្រកាន់ទេ
មណ្ឌលគិរី៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ឬយកច្បាប់របស់ប្រទេសណា យកមកអនុវត្ដ ដូចការចោទប្រកាន់នោះទេ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនបានបាត់បង់អធិបតេយ្យភាពជាតិនោះទេ។ ប៉ុន្ដែក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្រាប់ការបិទបញ្ចប់ទាំងស្រុងនូវកិច្ចសហប្រតិបត្ដិការនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋមានភាពហ្មងសៅ និងមន្ទិលសង្ស័យលើរឿង CLV-DTA ជាពិសេសកុំឱ្យក្រុមជ្រុលនិយមមួយចំនួនឆ្លៀតដុតបន្ថែម ដើម្បីប្រយោជន៍របស់ពួកគេ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ