មេធំ Tesla ព្រមានថា អាមេរិកកំពុងដើរទៅរកផ្លូវក្ស័យធនយ៉ាងលឿន

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ព្រមានថា សហរដ្ឋអាមេរិកកំពុងឈានឆ្ពោះទៅរកការក្ស័យធនយ៉ាងលឿន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនឈប់ចំណាយប្រាក់ច្រើននោះទេ។

ការអត្ថាធិប្បាយបែបនេះរបស់លោក Musk ធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X ដោយសំដៅដល់ការកើនឡើងការប្រាក់ដ៏ច្រើន នៃបំណុលរបស់រដ្ឋាភិបាលអាមេរិក។

គណនី Wall Street Silver បានបង្ហោះថា ឥឡូវនេះ យើងចាយជិត ១.២ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីបង់ការប្រាក់លើបំណុល។ ប្រហែល ២៣ភាគរយនៃពន្ធទាំងអស់ គិតចាប់ពីពន្ធ និងថ្លៃសេវាដែលប្រមូលបានដោយរដ្ឋាភិបាលអាមេរិក យកទៅបង់ការប្រាក់លើបំណុល។

លោក Musk បានឆ្លើយតបដោយព្រមានថា ប្រសិនបើមិនមានការកាត់បន្ថយរ៉ាឌីកាល់នៃការចំណាយរបស់រដ្ឋាភិបាលទេ នោះដូចជាបុគ្គលម្នាក់ដែលបានជំពាក់បំណុលវ័នកដែរ ពោលគឺអាមេរិកនឹងក្លាយទៅជាអ្នកក្ស័យធនជាក់ជាមិនខាន។

លោក Musk ធ្លាប់បានចង្អុលបង្ហាញកាលពីខែកញ្ញាថា ការចំណាយលើការបម្រើបំណុលសហព័ន្ធអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់ បានកើនលើសពីថវិកាការពារជាតិបច្ចុប្បន្ន ដែលកើនឡើងដល់ ៨៤០ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសកាលពីចុងខែកក្កដាដែរថា បំណុលជាតិបានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារ ជារួមកើនឡើងមួយពាន់ពាន់លានក្នុងរយៈពេល៦ខែ។ តួលេខបច្ចុប្បន្នគឺ ៣៥.៧ពាន់ពាន់លានដុល្លារ នេះបើយោងតាមទ្រនិចនាឡិកាបំណុលអាមេរិក។

នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ប្រកាសអាសន្នជុំវិញបំណុលអាមេរិក។ កាលពីដើមឆ្នាំនេះ លោក Musk បាននិយាយថា អត្រានៃការចំណាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន កំពុងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតនៅលើផ្លូវយ៉ាងលឿនឆ្ពោះទៅរកការក្ស័យធន ហើយការចំណាយដ៏លើសលុបរបស់រដ្ឋាភិបាល ក៏កំពុងធ្វើឱ្យមានអតិផរណាផងដែរ៕

ប្រភព : RT ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner