មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង» ធ្វើឡើងនៅដើមខែវិច្ឆិកានៅខេត្តកំពង់ចាម

(ភ្នំពេញ)៖ កម្មវិធី «មហោស្រពអក្សរសិល្ប៍ខ្មែរ» ទទួលបានភាពជោគជ័យជាច្រើនឆ្នាំបន្តបន្ទាប់ជាប់ៗគ្នា។ស្ថិតនៅក្នុងឆ្នាំ២០២៤ ដែលជាឆ្នាំទី៧នេះ មហោស្រពអក្សរសិល្ប៍ខ្មែរនឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង»។

បញ្ជាក់នៅក្នុងសីទសារព័ត៌មាន កាលពីរសៀលថ្ងៃលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកស្រី សូ ភីណា ស្ថាបនិក និងប្រធានក្រុមដឹកនាំមហោស្រពអក្សរសិល្ប៍ខ្មែរ ជារៀងរាល់ឆ្នាំ មហោស្រពអក្សរសិល្ប៍ខ្មែរ បានដាក់ចេញនូវប្រធានបទថ្មីៗ ឱ្យស្របតាមតថភាពសង្គម ដើម្បីឱ្យអ្នកចូលរួម ចូលជាចំណែកក្នុងការកែប្រែបរិបទសង្គមឱ្យបានកាន់តែប្រសើរឡើង។

លោកស្រីបន្តទៀតថា មហោស្រពអក្សរសិល្ប៍ខ្មែរ មិនត្រឹមតែជាមហោស្រពដែលផ្តល់នូវកម្មវិធីបែបអក្សរសិល្ប៍ និងសិល្បៈកម្សាន្តជាច្រើននោះទេ ប៉ុន្តែគោលបំណងសំខាន់នៃមហោស្រព គឺដើម្បីលើកកម្ពស់គុណតម្លៃអ្នកនិពន្ធ និងអ្នកដែលធ្វើការនៅក្នុងវិស័យអក្សរសិល្ប៍ខ្មែរ ឱ្យកាន់តែត្រូវបានលើកកម្ពស់។

គួររំលឹកផងដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្នុងគោលបំណង បីធំៗរួមមាន៖ ១) បណ្ដុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ ២) លើកកម្ពស់នូវកិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ, និង ៣) បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាទូតសុច្ឆន្ទៈទី២ នៃមហោស្រពអក្សរសិល្ប៍លើកទី៧ បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសម្រាប់មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ២០២៤។ ក្នុងនាមជាសិល្បករផ្នែកចម្រៀង និងអ្នកនិពន្ធបទចម្រៀង តួនាទីមួយនេះមានអត្ថន័យជាពិសេសដែលអនុញ្ញាតឱ្យ កញ្ញាបញ្ចូលគ្នានូវសេចក្ដីស្រឡាញ់ចំពោះសិល្បៈជាមួយមរតកអក្សរសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា។ កញ្ញា ទន្ទឹងរង់ចាំធ្វើការជាមួយសហគមន៍ដើម្បីរំលេច និងចែករំលែកសំឡេងដ៏គួរឱ្យកត់សម្គាល់ ក៏ដូចជាដើម្បីឈ្វេង យល់បន្ថែមអំពីរឿងរ៉ាវនៃអក្សរសាស្ត្រខ្មែរ ។

សូមបញ្ជាក់ដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ ឆ្នាំ២០២៤នេះ និងជ្រើសរើសយកខេត្តកំពង់ចាមមានកម្មវិធីពិសេសៗជាច្រើនដូចជា៖ មហោស្រពកំណាព្យតូច, កម្មវិធីណែនាំសៀវភៅ «រលកថ្មី៖ ស្នាដៃអក្សរសិល្ប៍ពី ២០២១ ដល់ ២០២៣», ពិព័រណ៍ «បៃតង», សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ, វេទិកាពិភាក្សា «តួនាទីប្រតិបត្តិករវប្បធម៌ក្នុងការលើកកម្ពស់ និងចូលរួមការពារបរិស្ថាន», អំណានតាមទីតាំងជាក់លាក់ស្ដីអំពីខេត្តកំពង់ចាម, វេទិកាសេរី «អំណានបៃតង», ទស្សនកិច្ចវប្បធម៌, កិច្ចពិភាក្សា «ជំនួបអ្នកនិពន្ធនៅកំពង់ចាម», សិក្ខាសាលា «បណ្តាំមួយនៃកវីឃុន ស្រ៊ុន», ប្រឡងសំណេរបៃតង, ប្រកាសជ័យលាភីស្នាដៃអក្សរសិល្ប៍ច្នៃប្រតិដ្ឋ និងសិល្បៈទស្សនីយភាពចម្រុះ (របាំប្រជាប្រិយ, ចាប៉ីដងវែង, ល្ខោនខោល, អាយ៉ៃ 5G នាងស៊ូស៊ូ, ល្ខោនបាសាក់, និងចាប៉ីដងវែង)៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner