កម្ពុជា មានផ្ទៃដីដុះស្វាយចន្ទីជាផ្លូវការជាង៥៨ម៉ឺនហិកតា ជាប់លេខ៣ និងគ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់គ្រាប់ធំ ស្ថិតនៅក្នុងលំដាប់លើគេ

(ភ្នំពេញ)៖បើយើងប្រៀបធៀបប្រទេសដែលមានស្វាយចន្ទីច្រើនជាងគេ​គឺប្រទេ​ស​កូឌីវ័រ ដែលមានផ្ទៃដីដាំដុះជាង១លានហិកតា លេខ២ឥណ្ឌា និងកម្ពុជាស្ថិតនៅលើ​លំដាប់​លេខ៣ ប៉ុន្តែបើនិយាយពីរស់ជាតិគ្រាប់ និងពិសេសសម្រស់គឺគ្រាប់​ស្វាយ​ចន្ទីរបស់យើងល្អលើសគេ ឬអាចនិយាយបានថាល្អឯកលើសគេតែម្តង។នេះជាការ​ថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋានគារហ៊ីម៉ាវ៉ារី រាជធានីភ្នំ​ពេញ ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានឱ្យដឹងថា៖ដើម្បីក្លាយជាប្រទេសអធិរាជស្វាយចន្ទីយើងអាចប្រើរយៈ​ពេល៥ឆ្នាំ​ទៀត ហើយបើតាមរយៈលក្ខណៈពិសេសរបស់ស្វាយចន្ទីកម្ពុជានេះយើង​នឹងអាច​ជោគជ័យនាថ្ងៃខាងមុខ។

ឯកឧត្តមបានថ្លែងបញ្ជាក់ដែរថាបើក្រឡេកមើលសន្ទុះនៃការដាំ និងការវិនិយោគ​នៃការ​ដាំ​ស្វាយចន្ទីឃើញថាខ្លាំងក្លា និងបើពុំមានអ្វី​ប្រែប្រួលទេ​រយៈពេល២ទៅ៣ឆ្នាំ​ខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទី​ឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយ​និងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច ។ សម្រាប់គ្រាប់​ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និង​ស្ងួត ។​ ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើ​ទោះបី​ឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន​កសិកម្មបានឱ្យដឹងថា៖ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំ​ស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតាហើយមានប្រភេទពួជដែលផ្តល់​ទិន្នផល​ខ្ពស់ និង មានទំហំគ្រាប់ធំ (23) សមស្របតាមតម្រូវការទីផ្សារអន្តរជាតិ។

ឯកឧត្តមថ្លែងឱ្យដឹងដែរថា”តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមាន​អាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះ​ត្រូវបានធ្វើឡើង​ក្នុង​កម្រិត​ខេត្ត ហើយសង្កេត ឃើញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើន​ជាងគេ​គឺ​ប្រ​មាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា ៩៧ ២០០ ហិកតា ។

ឯកឧត្តមលើកឡើងដោយបញ្ជាក់បន្ថែមថាតាមតួលេខនេះបង្ហាញថា ផ្ទៃដី ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក។

ដោយឡែក លោក អូន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាបាន​បញ្ជាក់ឱ្យ​ដឹង​ដែ​រថា ៖ មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួង​កសិកម្ម​មានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ដែល ជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា ។

លោកថា ស្វាយចន្ទីគេដាំលើ​ដី​ដែល​ខ្សោះជីជាតិ ដូច្នេះកសិករភាគច្រើន មិនមានការ ផ្លាស់ ប្តូររបរកសិកម្មនេះកើតឡើងពីព្រោះថា ដីទាំងនេះមិនអាចដាំអ្វីបាន​ក្រៅពី​ស្វាយ ចន្ទីទេ។ សម្រាប់ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ ៧០ភាគរយហើយ​ដាំ​ក្នុងលក្ខណៈទ្រង់​ទ្រាយ​តូចពោលគឺកសិករដាំជាលក្ខណៈគ្រួសារ និងមានតែប្រ​មាណ ៣០ភាគរយ​ប៉ុណ្ណោះ​ដាំជាលក្ខណៈដីសម្បទានរបស់រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថាបើតាមក្រសួងកសិកម្ម បានឱ្យដឹងកន្លងមកថា ៖ រយៈពេល៧ ខែដើម ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅជាង ៨៣ម៉ឺនតោន ដែលធ្វើឱ្យ​កម្ពុជា ជាប់ ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេ​លើ​ពិភពលោក ។

យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រ មា ណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន ។ ដោយ​ឡែក ឆ្នាំ ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ ពាន់លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេស​វៀត​ណាម ជប៉ុន និងចិន ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner