និស្សិតកម្ពុជាពុំសូវបានដឹងព័ត៌មានការសិក្សា និង បានទៅរៀនប្រទេសសហភាពអឺរ៉ុប មានចំនួនតិចតួច
(ភ្នំពេញ)៖ យុវជនកម្ពុជាដែលបានដាក់ពាក្យ អាហាររូបករណ៍ និង ទោះទៅរៀនបែបបង់ថ្លៃក្តី នៅបណ្តាប្រទេស សភាពអឺរ៉ុប គឺ នៅមានចំនួនតិចនៅឡើយ ។ ក្រៅពីនេះ យុវជន កម្ពុជា ក៏ មានចំនួន តិចតួច ផងដែរដែលតែងទទួលបាន ដំណឹងពីការសិក្សានៅសហភាពអឺរ៉ុប។នេះជាការលើកឡើងពីសំណាក់ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា ។
ការសិក្សាថ្នាក់ឧត្តមសិក្សា ឬសូម្បីតែចំណេះដឹងទូទៅក្តីនៅសហភាពអឹរ៉ុប គឺជាក្តីបំណងរបស់យុវជនស្ទើរតែទូទៅលើពីភពលោក។ស្ថាប័នការសិក្សានៅបណ្តាប្រទេសទាំងនេះក្រៅពីត្រូវការភាសាងអង់គ្លេសជាគោលហើយ សិស្ស-និស្សិតត្រូវមាន សមត្ថភាព និងគុណភាពការសិក្សាផងដែរ ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» នៅឯFactory ក្នុងរាជធានីភ្នំពេញរយៈពេល២ថ្ងៃពោលគឺចាប់ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ ២០២៤ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯក អគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជាបានឱ្យដឹងថា ៖ ពិព័រណ៍នេះនឹងបំផុសដល់យុវជនកម្ពុជាឱ្យបានចាប់អារម្មណ៍ទៅសិក្សានៅបណ្តាប្រទេសសហភាពអឺរ៉ុប កាន់តែច្រើនឡើង។ ក្នុងពិព័រណ៍នេះដែរមានមុខវិជ្ជាជាច្រើនឱ្យជ្រើសរើសដូចជាមុខជំនាញវិស្វកម្ម បដិសណ្ឋារកិច្ច បច្ចេកវិទ្យាជាដើម ។
លោកថា សហភាពអឺរ៉ុបបានធ្វើការងារជាមួយកម្ពុជាយូរមកហើយ ពិសេសបានផ្តោតសំខាន់ទៅលើវិស័យអប់រំ ដោយក្នុងនេះដើម្បីឱ្យកុមារចេះអាន ចេះសរសេរ និងមកដល់ពេលនេះសហភាពអឺរ៉ុបបានឈានមួយជំហ៊ានទៀតគឺការអប់រំផ្នែកបច្ចេកទេសថ្នាក់មធ្យមសិក្សាដើម្បីសំដៅធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍ខ្លួនឯងក្នុងការប្រកបការងារ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិ។ នៅថ្ងៃខាងមុខ សហភាពអឺរ៉ុបនឹងអនុវត្តយុទ្ធសាស្រ្តបែបនេះដើម្បីបង្កើនសមត្ថភាព និងជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតបារាំងលោក Jacques Pellet ឱ្យដឹងថាបច្ចុប្បន្ននិស្សិតកម្ពុជាបានសិក្សានៅប្រទេសបារាំងមានចំនួនសរុប ៨០០នាក់ និង ជារៀងរាល់ឆ្នាំមាននិស្សិត ១០០នាក់បានទទួលអាហាររូបករណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ។
លោកថា ប្រទេសបារាំងគឺជាស្ថិតនៅក្នុងប្រទេសសំខាន់ លើវិស័យអប់រំ ហើយម្យ៉ាងវិញទៀតការសិក្សានៅប្រទេសបារាំងក៏ជាវប្បធម៌មួយបែបផ្សេងទៀតសម្រាប់និស្សិតបរទេស ។ ដោយឡែសម្រាប់តម្លៃសិក្សានេះដែរគឺសមរម្យដោយសារស្ថាប័នអប់រំនៅប្រទេសបារាំង តែងលើកស្ទួយ និង ជួយជ្រោមជ្រែងយ៉ាងច្រើនដល់សិស្ស-និស្សិត ។
លោកបានបញ្ជាក់ប្រាប់ដែរថាសម្រាប់និស្សិតខ្មែរដែលតែងជ្រើសរើសមុខវិជ្ជាទៅរៀនប្រទេសបារាំងមាន ពេទ្យ ច្បាប់ គ្រង់គ្រង វិស្វកម្ម ជាដើម។
ជាមួយគ្នានេះលោកបានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាផ្តោតយកចិត្តទុកដាក់ទៅលើការៀនមុខវិជ្ជាបច្ចេកវិទ្យា និង បញ្ញាសម្បនិម្មិតឬហៅថា AI ពីព្រោះថាការសិក្សាមុខវិជ្ជាទាំងនេះនិស្សិតកម្ពុជានៅមានកម្រិតនៅឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងដោយលើកទឹកចិត្តដល់យុវជនគួរទៅរៀននៅសហភាពអឺរ៉ុប ដើម្បីទទួលបានជំនាញ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
គួរបញ្ជាក់ថាពិព័រណ៍សិក្សានៅអឺរ៉ុបដែលគេរំពឹងថានឹងមានយុវជនចូលរួមមិនតិចជាង ១៥០០នាក់នេះត្រូវបានគេជឿជាក់ថា នឹងផ្តល់ឱកាសដល់ សិស្សានុ សិស្ស -ស្វែងយល់ពីកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីម ភារ៉ា