ឥណ្ឌូនេស៊ីត្រូវការកសិករប្រាក់ខែចាប់ពី៦៤០ដុល្លារទៅ១,២៧០ដុល្លារ

បរទេស ៖ ដើម្បីជំរុញភាពគ្រប់គ្រាន់នៃស្បៀងអាហារ ប្រទេសឥណ្ឌូនេស៊ីមានបំណងទាក់ទាញកសិករ
ជំនាន់ Y និង ជំនាន់ Z ប្រើបច្ចេកវិទ្យាទំនើប ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមា ៦៤០ដុល្លារអាមេរិក ក្នុងមួយខែ ពោលគឺកើនឡើង ជិត៥ដង ធៀបនឹងប្រាក់ឈ្នួលរបស់កសិករ ជាមធ្យម ហើយអាចរកបានដល់ជាង១២៧០ដុល្លារ ក្នុងមួយខែ។

«ភាពគ្រប់គ្រាន់នៃស្បៀងអាហារ» គឺជាគោលដៅសំខាន់ របស់ប្រធានាធិបតីថ្មី លោក Prabowo Subianto ដែលបាននិយាយថា ប្រទេសនេះគួរតែផលិតអាហារគ្រប់គ្រាន់ សម្រាប់ប្រជាជនរបស់ខ្លួន ហើយ «មិនអាចបន្តពឹងផ្អែក លើអាហារដែលនាំចូល» ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Andi Amran Sulaiman បាននិយាយថា «រដ្ឋាភិបាលនឹងបង្កើតក្រុមកសិករ ជំនាន់ Y និង ជំនាន់ Z ដើម្បីគ្រប់គ្រងដីស្រែចំការ ២០០ហិកតា អភិវឌ្ឍន៍តំបន់កសិម្មថ្មីៗ ហើយកសិករម្នាក់ៗ អាចរកចំណូលយ៉ាងតិច ៦៤០ដុល្លារ ក្នុងមួយខែ ហើយអាចរកបាន ដល់ជាង១២៧០ដុល្លារ»។

គួរឲ្យដឹងថា ជំនាន់ Y គឺជាក្រុមមនុស្សដែលកើតក្រោយឆ្នាំ១៩៨១ ខណៈជំនាន់ Z គឺជាក្រុមជំនាន់ក្រោយសហស្សវត្សរ៍ ដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០១០។

គួរបញ្ជាក់ថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ការងារដល់ប្រជាជនប្រមាណ ៤០,៧២ លាននាក់ ស្មើនឹង២៨,៦ ភាគរយ នៃកម្លាំងពលកម្មសរុប នៅឥណ្ឌូនេស៊ី៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner