កិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​លោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។

កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia)ដែលត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ មាន​រយៈ​ពេល ៣ឆ្នាំ លើទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ដុល្លារអាមេរិក សម្រា​ប់​គម្រោងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមគោលដៅចំនួន ៧០​នាក់ ដែលមានប្រភពមកពីគ្រួសារក្រីក្រ និងជាស្រ្តី​ងាយរងហានិភ័យ​ដោយ​សារ​ការ​ជួញដូរមនុស្ស ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែ​ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍនូវជំនាញក្នុងវិស័យ​បដិសណ្ឋារ​កិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់អង្គការប៊្លូម អេស៊ា ពិចារណាពង្រីកជំនាញក្នុងវគ្គបណ្តុះបណ្តាលរបស់ខ្លួន​ទៅកាន់ក្រុមងាយរងហានិភ័យផ្សេងទៀត ដូចជាជនមានពិការភាពផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការប៊្លូម អេស៊ា (Bloom Asia) គឺជាការគាំទ្រដល់ក្រសួងផងដែរ ឱ្យសម្រេចបាននូវគោលដៅ​ក្នុង​ការ​បណ្តុះបណ្តាលយុវជនប្រមាណ ១,៥លាននាក់ ដែលមកពីក្រីក្រ និងគ្រួសារ​ងា​យ​​រងហានិភ័យ ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលនេះ ក៏ស្របតាមអភិក្រមដ៏ខ្ពង់​ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner