ឯកឧត្តម ហេង សួរ អញ្ជើញបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅ​អគារ​ពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រា​ប់យុវជន

(ភ្នំពេ​ញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវបាន​បើក​ដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍​កោះ​ពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយ​ជា​ព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤នេះ មាន​ក្រុម​ហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០ បានចូលរួមដោយផ្តល់​ឱកាស​ការ​ងារជាង ៣ម៉ឺន កន្លែងសម្រាប់យុវជន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបាន​រៀប​ចំ​ឡើងដើម្បីជួយយុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំ​បណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធ​ន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សារៈសំខាន់នៃការលើកកម្ពស់​ផលិតភាពនិងសហគ្រិនភាព ពិព័រណ៍ការងារថ្នាក់ជាតិលើកទី១៤នេះ ក៏បានរៀប​ចំឱ្យមានសិក្ខាសាលាស្តីអំពី “ការបង្កើនផលិតភាព៖ ជំនាញ និងកំណើន​ប្រកប​ដោយចីរភាព” និង“ការលើកស្ទួយសហគ្រិនភាពយុវជន ដើម្បីកំណើន​ប្រកប​ដោយចីរភាពនៅកម្ពុជា”។

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ឆ្នាំ២០២៤នេះ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់តាំងបង្ហាញនូវបញ្ជរផ្តល់សេវា​សាធា​រណៈតាមប្រព័ន្ធអេឡេិចត្រូនិកដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវានានារបស់ក្រសួងដល់សាធារណជន និង Robot Coffee ដែលបង្កើតឡើង​ដោយស្នា​ដៃ​សិស្ស-និស្សិតរបស់ TVET។ តាមរយៈស្នាដៃថ្មីទាំងពីរនេះ រួមផ្សំជាមួយឱកាស​ការ​ងារជាង ៣ ម៉ឺនកន្លែង ក្រសួង​រំពឹងថា នឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើន​ជាងឆ្នាំ​កន្លងទៅ ដោយអាចនឹងទាក់​ទាញយុវជនសិស្ស/និស្សិត អ្នកស្វែងរកការងារ និង​សាធារណជន សរុបប្រមាណ ១០ម៉ឺននាក់ ដោយអ្នកចូលរួមដោយ​ផ្ទាល់ប្រមាណ​ជាង ៤ម៉ឺននាក់ និងអ្នកចូល​រួមតាមរយៈអនឡាញ ប្រមាណ៦ម៉ឺននាក់ ក្នុងរយៈពេល​ពីរថ្ងៃនេះ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិ​ខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបថា បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះ ក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុង រស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសន៍ជាមួយនឹងសហគ្រាស ក្រុមហ៊ុន ដែលកំពុង មាន​តម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner