លឺដំណឹងថា Boeing ចង់លក់អាជីវកម្មអវកាស

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Boeing កំពុងចង់លក់អាជីវកម្មអវកាសរបស់ខ្លួន ខណៈដែលនាយកប្រតិបត្តិថ្មី កំពុងជំរុញការកែលម្អបញ្ហាហិរញ្ញវត្ថុ។

កាសែតនេះបានរាយការណ៍ថា ក្រុមហ៊ុនកំពុងថ្លឹងថ្លែង ពីការដកខ្លួន ចេញពីអាជីវកម្ម NASA រួមទាំង យានអវកាស Starliner ក្នុងនោះ Wall Street Journal បានដកស្រង់ប្រភពព័ត៌មាន ពីមនុស្សមួយចំនួន ដែលដឹងរឿងនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Boeing បានប្រាប់ AFP ថា «ក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាម បែបទីផ្សារ ឬ ការរំពឹងទុកអ្វីនោះទេ»។

នាយកប្រតិបត្តិ លោក Kelly Ortberg ដែលបានចូលមកដឹកនាំ Boeing កាលពីខែសីហា បាននិយាយ កាលពីដើមសប្តាហ៍នេះថា លោកកំពុងពិនិត្យមើលប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយសម្លឹង ឆ្ពោះទៅរកការបង្រួមទម្រង់ របស់ក្រុមហ៊ុន។

សេចក្តីរាយការណ៍ពីការចង់លក់អាជីវកម្មអវកាសនេះ បានលេចលឺឡើង បន្ទាប់ពីក្រុមហ៊ុន Boeing បានរាយការណ៍ ពីការខាតបង់ ចំនួន ៦.២ ពាន់លានដុល្លារ ព្រោះកូដកម្មការងារ ៦សប្តាហ៍ នៅអាមេរិក នាំឲ្យបិទរោងចក្រដំឡើងយន្តហោះ ចំនួនពីរ ជាការតវ៉ាមិនធ្វើការ ដោយចង់បានប្រាក់ឈ្នួលបន្ថែម។ លោកនាយកប្រតិបត្តិ បានប្រកាសពីការកាត់បន្ថយបុគ្គលិករាប់រយនាក់ ជុំវិញកូដកម្មនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Boeing បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារអវកាសជាតិអាមេរិក NASA អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ កម្មវិធីអវកាសរបស់ក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានទាំងការពន្យាពេលបាញ់បង្ហោះ យានអវកាស ទៀតផង៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner