ក្រុងបាត់ដំបង រំពឹងថា នឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

បាត់ដំបង៖ប្រសិនជាដូចក្តីរំពឹងមែន គឺគួរឱ្យចូលរួមត្រេកអរ ហើយ នឹងក្លាយជាក្រុងគំរូសម្រាប់ក្រុងដទៃទៀតក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​។​មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញពីក្តីជឿ​ជាក់ថា ” ក្រុងបាត់ដំបងនឹងក្លាយជា ទីក្រុង​ទេស​ចរណ៍ គ្មានផ្សែងបារី ” នាពេលខាងមុខ។

លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេស ចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់នៅចុងសប្ដាហ៍នេះ​ថា​ក្រុងបាត់ ដំបងនឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលអនាគតមិនយូរប៉ុន្មាន។ ប៉ុន្តែដើម្បីសម្រេចបានមហិច្ឆតាបំពេញឱ្យផាសុកភាព នេះអ្នកនាំពាក្យដដែលបន្ថែមថា មន្ទីរទេសចរណ៍ខេត្ត បានសហការ ជាមួយរដ្ឋបាលក្រុង និងបានចុះផ្សព្វផ្សាយ​ជាប្រចាំទៅដល់មូលដ្ឋាន អាជីវកម្ម សេវាកម្ម និងទីសាធារណៈផ្សេងៗដើម្បីផ្សព្វផ្សាយការងារនេះ​ទៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចូលរួមអនុវត្ត។ជាពិសេស ក្រុមការងារថែមទាំងបានចុះបិទផ្លាកហាមជក់បារីនៅតាមទីតាំងសំខាន់ៗ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងទីកម្សាន្តផ្សេងៗ។ល។

លោក ហម អរុណ បានបញ្ជាក់ថា ដើម្បីជំរុញក្រុងបាត់ដំបង ក្លាយ ទៅជា” ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី “ពិតណាស់ទាមទារ​ឱ្យមានការចូលរួមទាំងអស់គ្នានិងពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ។

គួរជម្រាបថា កន្លងទៅក្រសួងទេសចរណ៍ បានជំរុញដល់ក្រុងបាត់ដំបង​ឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មាន​ផ្សែងបារី ដើម្បីពង្រឹង​ភាពទាក់ ទាញក្នុងវិស័យទេសចរណ៍ ខណៈខេត្តមួយនេះបានក្លាយជាខេត្ត មេដែក ទេសចរណ៍មួយ ក្នុងចំណោម ខេត្តមេដែក​ទេសចរណ៍​សំខាន់ៗដទៃទៀត៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner