ស.ស.យ.ក រៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ អបអរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន អមដោយអនុប្រធាន ព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវីធីបើក «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រៀមអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធី ឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណ សួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង ។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាគម្រប់ ២០ឆ្នាំ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានឡើងគ្រងព្រះបរមរាជសម្បត្តិ តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០០៤ ។
សម្រាប់ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ២២ថ្ងៃ ចាប់ពី ថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជបណ្តាំនេះផ្ទាល់តែម្តង ដែលមានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ត និងព្រះរាជសកម្មភាពសប្បុរសធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរភាព និងព្រះរាជបូជនីយ៍កិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បាន បំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និង យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ទាំងអស់។
គួររំលឹកថា ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០រៀល ចំនួន ២០លានសន្លឹក ។
ទន្ទឹមនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀលថ្មី នៅព្រះបរមរាជវាំងផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពសិដ្ឋ