បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងពង្រឹងកម្លាំងការពារសន្តិសុខវារីអគ្គិសនីសេសាន្តក្រោម២ និង ក្នុងពិធីបុណ្យអុំទូក នៅក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួត ពិនិត្យកម្លាំងការពារសន្តិសុខ និងចូលរួមពិធីប្រគល់ទទួលប៉ុស្តិ៍ប្រចាំការកងរាជអាវុធហត្ថ ដល់កម្លាំងកងរាជអាវុធហត្ថ ការពារ តាមគោលដៅ ចំនួន ៣ទីតាំង លើផ្ទៃដី ១៦៤,៣៨ម៉ែត្រការ៉េ របស់ក្រុមហ៊ុនហាយដ្រូផៅវ័រឡូវើរសេសាន្ត២ ដើម្បីសម្រួល ដល់ការស្នាក់នៅក្នុងការការពារសន្តិសុខ សុវត្ថិភាពរបស់ក្រុមហ៊ុននៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ក្នុងកម្មវិធីនៅចុងសប្ដាហ៍នេះដែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលរៀបចំដោយរដ្ឋបាលខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងថ្មីៗ កន្លងទៅនេះ ទទួលបានអំណោយរថយន្ត ២គ្រឿង ពីរដ្ឋបាលអភិបាលខេត្តស្ទឹងត្រែង និងនៅថ្ងៃទី២៤ ខែតុលាទទួលបានរថយន្តមួយគ្រឿងបន្ថែមទៀត ពីក្រុមហ៊ុនហាយដ្រូផៅវ័រឡូវើរសេសាន្ត២ ។ដោយឡែកនៅថ្ងៃទី២៥ ខែតុលាទៀត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទទួលបានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបន្ថែមទៀតពីរដ្ឋបាលខេត្តសម្រាប់បម្រើការងារផ្នែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះអគ្គិភ័យ និងការងារសង្គមក្នុងខេត្តស្ទឹងត្រែង៕
ដោយ៖ឡុង សំបូរ