អភិបាលខេត្តប្រគល់ផ្ទះមនុស្សធម៌ទី២២ ជូនទុរគតជនជរាមួយនាក់ នៅឃុំជយោ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មា ធិការសាខា កាកបាទក្រហម ខេត្ត  ដោយ មានការនិមន្ត និង អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និង មន្ត្រី រាជការ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤បានអញ្ជើញប្រគល់ផ្ទះដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ជូនទុគតជនជរាគ្មានទីពឹង  ឈ្មោះ បួ កប  អាយុ ៥៩ឆ្នាំ  រស់នៅ ភូមិត្រពាំងឬស្សី  ឃុំជយោ  ស្រុកចំការលើ  ។

លោក បួ កប រស់នៅម្នាក់ឯង គ្មានប្រពន្ធកូនទេ កន្លងមកគាត់ធ្លាប់រស់នៅជាមួយបងប្រុស ក្នុងភូមិនេះដែរ ប៉ុន្តែដោយសារគាត់មានសតិមិនសូវគ្រប់ ធ្ងន់ត្រចៀក ហើយមិនចេះរកស៊ីទៀត ធ្វើឲ្យការរស់នៅជាមួយបងប្អូនមិនចុះសម្រុងគ្នា ។ បច្ចុប្បន្នគាត់រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ ។  ទុរគតជនជរា រូបនេះ ពុំមានដីផ្ទាល់ ខ្លួនទេ  តែដោយក្តីអាណិតអាសូរ  លោក ម៉េត គឿន សុខចិត្តបរិច្ចាគ ដីភូមិរបស់គាត់  ទំហំ  ១០ម៉ែត្រគុណនឹង ១២ម៉ែត្រជូន លោក បួ កប រស់នៅអស់មួយជីវិត តែមិនប្រគល់ឲ្យជាកម្មសិទ្ធិទេ ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះ ឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ ទំហំ៤ម៉ែត្រគុណនឹង ៦ម៉ែត្រ មួយខ្នង រួមជាមួយបង្គន់អនាម័យមួយបន្ទប់ ។តម្លៃសរុបប្រមាណជិត១២លានរៀល រួមទាំងបន្ថែមអណ្តូងស្នប់ ១ទៀត ។ជាថវិកាបដិភាគរបស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក  ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនលោក បួ កប  សម្រាប់ស្នាក់នៅ តទៅ។ ព្រមទាំងផ្តល់សម្ភារសម្រាប់សង្កត់ផ្ទះថ្មី រួមមានអង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា២០ម៉ឺនរៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត  ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល ៕
ដោយៈ លី ពៅ

ads banner